FOX News : Health

26 October, 2020

ការកាត់បន្ថយភាពក្រីក្រីនៅកម្ពុជា៖ «វាជាពេលវេលាដែលខ្ញុំត្រូវតបស្នងវិញ»

 The World Bank, 17 Oct 2020

សម្រាប់លោក ប៊ូ សារឿន មន្ត្រីទំនាក់ទំនងព័ត៌មាននៅភ្នំពេញនៅប្រទេសកម្ពុជា ការផ្លាស់ប្តូរពីគ្រួសារដែលប្រើអំពើហឹង្សា ក្រីក្រ និងមិនចេះអក្សរ មកជាអ្វីដែលលោកទទួលបាននាពេលនេះ គឺជាការផ្លាស់ប្តូរដ៏អស្ចារ្យបំផុតមួយ។ ក្នុងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រ (១៧តុលា) លោក សារឿន បានចែករំលែករឿងរ៉ាវជីវិតផ្ទាល់ខ្លួននិងការតាំងចិត្តដើម្បីបញ្ចប់ភាពក្រីក្រ។

1. សូមប្រាប់យើងអំពីដំណើរជីវិតរបស់លោក។

ប៊ូ សារឿន (សារឿន)៖ ខ្ញុំកើតក្នុងគ្រួសារក្រីក្រមួយនៅតំបន់ជនបទដាច់ស្រយ៉ាលនៅកម្ពុជា។ ពុក ម៉ែខ្ញុំគាត់មិនចេះអក្សរទេ និងមានអំពើហឹង្សាក្នុងគ្រួសារ ហើយខ្ញុំបានរត់ចោលផ្ទះតាំងពីអាយុប្រហែលជិត ១៥ឆ្នាំ។

ខ្ញុំបានក្លាយជាអ្នកគ្មានផ្ទះសំបែង ជាអ្នករើសអេតចាយដែលអាចលក់យកមកចិញ្ចឹមជីវិតក្នុងរាជធានីភ្នំពេញ។ សំណាងល្អនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ៨០ ខ្ញុំត្រូវបានបញ្ជូនឲ្យចូលសាលាវិញ។ នៅសាលា ខ្ញុំក៏នៅបន្តជាអ្នករើសអេតចាយ ធាក់ស៊ីក្លូ កង់ឌុប និងសំដែងល្ខោនបាសាកមហាជនដើម្បីចិញ្ចឹមជីវិត។ មិត្តភក្តិដែលរៀនជាមួយ បានរៃអង្គាសលុយកាក់ដើម្បីទិញសៀវភៅសរសេរ ប៊ិច ឯកសណ្ឋាន និងកាតាបឲ្យខ្ញុំ។

ដោយសារតែក្រីក្រ ខ្ញុំបានឈប់រៀនបន្ទាប់ពីចប់វិទ្យាល័យហើយបានចូលធ្វើការពេញម៉ោង។ ការងារដំបូងគឺជាអ្នករត់តុជាង៧ឆ្នាំ ក្រោយមកទៀតជាអ្នកកាសែតជាង៦ឆ្នាំ។ នៅឆ្នាំ២០០២ ខ្ញុំបានចូលធ្វើការនៅធនាគារពិភពលោក។ ពេលនេះ ខ្ញុំជាមន្រ្តីទំនាក់ទំនងព័ត៌មានរបស់ធនាគារពិភពលោកប្រចាំកម្ពុជា។



2. ដោយសារបែបនេះមែនទេ ដែលលោកបានបង្កើតចំណង់ចិត្តឬការតាំងចិត្តក្នុងការកាត់បន្ថយភាពក្រីក្រ? អ្វីជាដើមចមដែលនាំឲ្យលោកមានចំណាប់អារម្មណ៍មកលើការងារអភិវឌ្ឍន៍នេះ?

សារឿន៖ ឆ្លងកាត់ជីវិតររស់នៅដ៏ជូរចត់ និងបានជួបក្មេងៗក្រីក្រជាច្រើន បានធ្វើឲ្យខ្ញុំចាប់ផ្តើមបង្កើតជាចំណង់ចិត្តមួយនេះឡើង។ នោះគឺការអប់រំ និងការជួយអ្នកក្រីក្រ។ ខ្ញុំមានជំនឿមុតមាំថា ការអប់រំអាចជួយឲ្យគ្រួសារក្រីក្រតោកយាកចាកចេញពីភាពក្រីក្របាន និងមានសុខភាពប្រសើរ រួមទាំងភាពរីករាយ។ ខ្ញុំបានមកដល់ថ្ងៃនេះក៏ព្រោះតែខ្ញុំត្រូវបានផ្តល់ឲ្យនៅឱកាសចូលរៀនវិញបើទោះបីជាអាយុខ្ញុំច្រើនហើយក៏ដោយ។ ខ្ញុំសូមអរគុណនិងដឹងគុណជានិច្ចចំពោះការជួយខ្ញុំដោយចិត្តសប្បុរសពីបងប្អូនពុកម៉ែទាំងអស់។ បើគ្មានអ្នកទាំងអស់គ្នាជួយខ្ញុំទេ ខ្ញុំមិនអាចដើរបានឆ្ងាយរហូតមកដល់ទីនេះទេ។ វាជាពេលវេលាដែលខ្ញុំត្រូវតបស្នងត្រឡប់វិញ។

ដើម្បីតបស្នងគុណដ៏ធំធេងនេះ ក្រៅពីការងារដែលខ្ញុំកំពុងបំពេញនៅធនាគារពិភពលោក ខ្ញុំមានការងារសំខាន់បំផុតពីរ។ ទី១ គឺខ្ញុំរៃអង្គាសថវិកាទិញកង់ចែកជូនសិស្សក្រីក្រសម្រាប់ជាមធ្យោបាយជិះទៅរៀន គឺសិស្សដែលនៅឆ្ងាយលើសពី៤គមពីសាលា។ លោកនាយកម្នាក់បានប្រាប់ខ្ញុំថា សិស្សដែលក្រីក្រហើយរស់នៅចម្ងាយជាង ៧គម ពីសាលា គឺជាង៥០%បានបោះបង់ចោលការរៀនសូត្រ ពិសេសកុមារី។ វាគឺជាក្តីបារម្ភដ៏ធំមួយ។ ដូចនេះហើយ កាលពីឆ្នាំមុន យើងបានទិញកង់ជិត ៣០០កង់ ដែលមានតម្លៃជាង ១ម៉ឺនដុល្លា ចែកជូនសិស្សក្រីក្រ។

ទី២ ចាប់តាំងពីមានការរាតត្បាតជំងឺកូវិដ១៩មក ខ្ញុំបានរៃអង្គាសថវិកាមួយចំនួនដើម្បីទិញស្បៀងអាហារជូនបងប្អូនដែលប៉ះពាល់ជាងគេបំផុត ដូចជាអ្នករើសអេតចាយ អ្នកគ្មានទីជំរក អ្នកធាក់ស៊ីក្លូ និងអ្នករុញអីវ៉ាន់លក់តាមថ្នល់។ ពួកគាត់ទាំងអស់នេះបានបាត់បង់ចំណូលប្រចាំថ្ងៃជាច្រើនដោយនៅសល់តែប្រមាណជា ២០% នៃអ្វីដែលពួកគាត់ធ្លាប់រកបានមុនពេលមានជំងឺរាតត្បាតនេះ។ រហូតមកដល់ពេលនេះ យើងបានចែកជូនជាង​១០០០ កញ្ចប់​ ដោយក្នុង១កញ្ចប់មាន អង្ករ ១០គក ទឹកត្រី ទឹកស៊ីអ៊ីវ​ ត្រីខកំប៉ុង មី និងអាលកុល សាប៊ូ និងម៉ាស់។


In full:  https://insight.wfp.org/are-we-going-the-extra-mile-fcc066593fa9



No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde