គ្រប់ជាតិសាសន៍នៅក្នុងសកលលោកសព្វថ្ងៃនេះ គេតែងតែមានអរិយធម៌
វប្បធម៌ប្រពៃណីទំនៀមទម្លាប់សម្រាប់ជាការសំគាល់នូវអត្តសញ្ញាណជាតិរបស់គេនីមួយៗ
ក្នុងនោះមានការរួមធ្វើពិធីកម្មផ្សេងៗ
ដូចជាការរៀបមង្គលការកូនប្រុ សស្រី ពិធីខួបកំណើត
ពិធីបុណ្យចូលឆ្នាំថ្មីជាដើម។
នៅរាល់ការធ្វើពិធីកម្មទាំងអម្បាលមាននោះ
ដើម្បីឲ្យប្រព្រឹត្តទៅបាន គឺគេត្រូវធ្វើការជ្រើសរើស គន់គូរ
ដើម្បីកំណត់យកពេលវេលាណាមួយមកជួបជុំគ្នា។
ប្រការនេះហើយទើបបុព្វបុរស ឬក៏អ្នកប្រាជ្ញ
លោកអ្នកចេះដឹងរបស់ជាតិសាសន៍ទាំងឡាយនោះ
បាននាំគ្នារិះរកបង្កើតឲ្យមានជាឈ្មោះនៃកាលនីមួយៗ នោះ
ដោយចែកចេញជាបីផ្នែក គឺឈ្មោះថ្ងៃ មានចំនួន ៧ ឈ្មោះខែមាន ១២
ហើយនិងឈ្មោះឆ្នាំមាន ១២។
ដោយឡែកជនជាតិខ្មែរ ដែលគេឃើញមានអរិយធម៌
វប្បធម៌ប្រពៃណីទំនៀមទម្លាប់យ៉ាងសម្បូរបែបតាំងពីបុរាណកាលមកដល់សព្វថ្ងៃនេះ
ក៏បានបង្កើតឲ្យមានឈ្មោះថ្ងៃ ឈ្មោះខែ និងឈ្មោះឆ្នាំ
មានចំនួនដូចគ្នានឹងប្រទេសដទៃទៀតដែរ។
សម្រាប់ឈ្មោះឆ្នាំ
ដែលអស់លោកអ្នកប្រាជ្ញខ្មែរក្នុងសម័យបុរាណបានធ្វើការសិក្សាស្រាវជ្រាវឃើញមានចំនួនទាំងអស់
១២ នោះ គឺឆ្នាំជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច កុរ
ឬឆ្នាំកោរ។
ប្រការដែលគួរឲ្យកត់សំគាល់នោះ គឺឈ្មោះឆ្នាំទាំង
១២ នេះត្រូវបានគេជ្រើសរើសយកឈ្មោះសត្វចំនួន ១២
យកមកធ្វើជាតំណាងឲ្យឆ្នាំនីមួយៗ គឺទី១ សត្វកណ្ដុរ
តំណាងឲ្យឆ្នាំជូត ទី២ សត្វគោ តំណាងឲ្យឆ្នាំឆ្លូវ ទី៣ សត្វខ្លា
តំណាងឲ្យឆ្នាំខាល ទី៤ សត្វទន្សាយ តំណាងឲ្យឆ្នាំថោះ ទី៥ សត្វនាគ
រាជតំណាងឲ្យឆ្នាំរោង ទី៦ សត្វពស់ តំណាងឲ្យឆ្នាំម្សាញ់ ទី៧ សត្វសេះ
តំណាងឲ្យឆ្នាំមមី ទី៨ សត្វពពែ តំណាងឲ្យឆ្នាំមមែ ទី៩ សត្វស្វា
តំណាងឲ្យឆ្នាំវក ទី១០ សត្វមាន់ តំណាងឲ្យឆ្នាំរកា ទី១១ សត្វឆ្កែ
តំណាងឲ្យឆ្នាំច និងទី១២ សត្វជ្រូក តំណាងឲ្យឆ្នាំកុរ។
នៅរាល់បណ្ដាឈ្មោះឆ្នាំទាំង ១២
ដោយយកឈ្មោះសត្វមកធ្វើជាសញ្ញាសំគាល់ឲ្យឆ្នាំនីមួយៗ
ដែលបានជ្រើសរើសយកសត្វកណ្ដុរមកធ្វើជាប្រមុខឆ្នាំ ឬជាឆ្នាំទី១
នោះ គេមិនឃើញមានឯកសារណាមួយបញ្ជាក់ច្បាស់លាស់ថា
បានកើតចេញពីពេលណា ហើយអ្នកណាជាអ្នកបង្កើតនោះទេ ប៉ុន្តែ
តាមការអះអាងរបស់អ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ខ្មែរ
និងព្រះពុទ្ធសាសនាមួយចំនួននោះ បានបញ្ជាក់ប្រាប់ខុសៗ គ្នា
ដោយខ្លះលើកឡើងថា គឺធ្វើទៅតាមការនិទានរឿងព្រេងខ្មែរ
ហើយខ្លះទៀតថា ជាការចម្លងមកពីវប្បធម៌បរទេស ដូចជាប្រទេសចិន
និងប្រទេសឥណ្ឌា។
លោក វ៉ាយ វិបុល ជំនួយការអគារធិការដ្ឋានពុទ្ធិកសិក្សាជាតិ
នៅទីក្រុងភ្នំពេញ ដែលបានធ្វើការស្រាវជ្រាវឈ្មោះឆ្នាំទាំង ១២
បានឲ្យដឹងថា នៅក្នុងរឿងព្រេងនិទានខ្មែរមួយនោះ
បានបញ្ជាក់អំពីព្រះឥន្ទ្រាធិរាជ ដែលជាស្ដេចទេវតា
បានធ្វើការប្រកាសដល់ពពួកសត្វទាំងអស់ឲ្យមកធ្វើការប្រជុំគ្នានៅទីកន្លែងមួយ
ដោយកំណត់ថា បើសត្វណាបានមកដល់ទីកន្លែងប្រជុំនោះមុនគេ
សត្វនោះនឹងត្រូវជាប់ឈ្មោះជាសត្វទី១។
បន្ទាប់ពីបានដំណឹងនេះសត្វទាំងអស់ក្នុងពិភពលោកក៏បានត្រៀមខ្លួននឹងទៅប្រជុំ
ប៉ុន្តែ ពេលនោះមានសត្វឆ្មា
ហាក់មានមន្ទិលសង្ស័យមិនដឹងថ្ងៃខែច្បាស់លាស់នៃការកំណត់ពេលប្រជុំនោះទេ។
លោក វ៉ាយ វិបុល ៖ សត្វឆ្មាសង្ស័យ ហើយក៏សួរកណ្ដុរថា
នែវ៉ីឮសូរថាព្រះឥន្ទប្រជុំថ្ងៃណាដែរ ស្អែក ឬក៏ខានស្អែក?
ពេលនោះកណ្ដុរគេដឹងច្បាស់។ កណ្ដុរវាមានចរិតមួយប៉ិនស្ដាប់ដឹងថា
ស្អែកប្រជុំ ប៉ុន្តែ កណ្ដុរកុហកឆ្មាថា ខានស្អែកឯនោះប្រជុំ។
ពេលនោះឆ្មាក៏អត់បានត្រៀមខ្លួនប្រហែសអ៊ីចឹងទៅ។
ដល់ពេលព្រលឹមឡើងគោមកមុន មកជិតដល់កន្លែងសាលាព្រះឥន្ទហ្នឹងហើយ
ក៏ប៉ុន្តែ ពេលនោះកណ្ដុរវាឆ្លាត វាក៏ឡើងផ្លាប់លើខ្នងគោ
ដល់ឡើងលើខ្នងគោទៅដល់ផ្លោះមុខគោទៅកណ្ដុរបានដល់មុន
បានព្រះឥន្ទសន្មត់ថាយកកណ្តុរ ជូត១ ឆ្លូវ២ ខាល៣ ថោះ៤ ….. អីចឹងមក ។
ក្រៅពីមានការបញ្ជាក់ថា យកឈ្មោះសត្វទាំង ១២
ហើយជ្រើសយកសត្វកណ្ដុរជាឈ្មោះឆ្នាំទី១ ឆ្នាំជូតនោះ
ក៏មានការបញ្ជាក់ផ្សេងពីនេះដែរថា
ប្រវត្តិនាំឲ្យកើតមានឈ្មោះឆ្នាំទាំង ១២ នេះ
គឺដោយសារមានការព្យាករណ៍របស់ហោរាសាស្ត្រ ឬតារាសាស្ត្របុរាណ
ដែលជាអ្នកស្វែងរកឃើញឈ្មោះសត្វទាំង ១២ នោះ។
លោក អ៊ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ
និងប្រពៃណីទំនៀមទម្លាប់ខ្មែរ និងជាជំនួយការក្រសួងធម្មការ
និងសាសនា
បានបញ្ជាក់ឲ្យដឹងបន្ថែមអំពីការរកឃើញរបស់ក្រុមហោរាសាស្ត្រ
និងតារាសាស្ត្រយ៉ាងដូច្នេះ។
លោក អ៊ឹម បុរិន្ទ ៖ «ដើមឡើយអ្នកហោរាសាស្ត្រ
និងតារាសាស្ត្រនៅជាមួយគ្នាព្រោះថាអ្នកចេះហោរាសាស្ត្រក៏ជាតារាសាស្ត្រដែរ។
គឺលោកបានសង្កេតមើលទៅលើផ្ទៃមេឃ ហើយឃើញថា មានសត្វផ្សេងៗ
នៅតាមផ្ទៃមេឃហ្នឹង យើងមិនអាចមើលឃើញដោយផ្នែកទទេបានទេ
លុះត្រាតែមានកែវយឹតបានយើងមើលឃើញរូបភាពហ្នឹង។
អ៊ីចឹងលោកបានយករូបភាពហ្នឹងមកធ្វើជាការកំណត់ឆ្នាំ ដោយមានរូប
សត្វកណ្ដុរ សត្វគោ សត្វខ្លាអីតាមលំដាប់»។
លោកបានឲ្យដឹងទៀតថា ករណីមួយទៀត សម្រាប់ការកកើតនៃឆ្នាំទាំង ១២
ដែលមានឈ្មោះសត្វនៅក្នុងនោះ
គឺទំនងមកពីការចម្លងវប្បធម៌ចិនលាយឡំខ្លះជាមួយ និងវប្បធម៌ខ្មែរ។
ប៉ុន្ដែ ឈ្មោះសត្វទាំង ១២ របស់ចិន
ដែលគេយកមករាប់សម្រាប់ឆ្នាំទាំង ១២ នោះមានការខុសគ្នាមួយចំនួន
និងការរាប់ឈ្មោះសត្វ នៅក្នុងឆ្នាំទាំង ១២ របស់ខ្មែរ។
ការខុសគ្នានោះគឺត្រង់ថា ឆ្នាំខាលរបស់ខ្មែរ
គឺតំណាងឆ្នាំជាសត្វខ្លា។ ប៉ុន្តែ ចិនតំណាងដោយសត្វឆ្មា
ហើយត្រង់កន្លែងឆ្នាំឆ្លូវរបស់ខ្មែរ គឺតំណាងដោយសត្វគោ
ប៉ុន្តែចិនវិញគេយកសត្វក្របីមកតំណាងឲ្យឆ្នាំឆ្លូវ។
លោកអ៊ឹម បុរិន្ទ ៖ «ប៉ុន្តែសំខាន់គឺនៅលើកណ្ដុរទេ
ថាហេតុអីបានជាកណ្ដុរបានមកជាឆ្នាំទី១
ដោយសារតែកណ្ដុរគេបានសង្កេតឃើញខ្លួនរបស់វាហ្នឹងមានលក្ខណៈពីរប្រភេទ
៖ ជើងមុខមានចំនួនម្រាម ៥ ជើងក្រោយមានម្រាម ៤។
ហេតុហ្នឹងហើយគេចង់បញ្ជាក់ថា តួខាងមុខវាជាយ៉ាន ខាងក្រោយជាយិន។
អាហ្នឹងទៅតាមប្រក្រតីទិនយកមកធ្វើជាលេខហោរានោះ»។
ទាក់ទងទៅនឹងការកកើតឆ្នាំទាំង ១២ ដោយយកឈ្មោះសត្វចំនួន ១២
មកជាតំណាងឆ្នាំ និងយកសត្វកណ្ដុរថាជាឆ្នាំទី១
ហើយថាអាចជាការចម្លងពីវប្បធម៌ចិន និងជារឿងព្រេងនិទានខ្មែរនោះ
គេឃើញមានការអះអាងផ្សេងទៀតបានបញ្ជាក់ថា
អាចទំនងមកពីវប្បធម៌ឥណ្ឌា និងតាមលក្ខណៈព្រហ្មញ្ញសាសនា។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌មួយចំនួនទៀតបានឲ្យដឹងថា
សម្រាប់ឆ្នាំទាំង ១២ នោះ គេឃើញមានសំដែងខ្លះដែរ
នៅក្នុងគម្ពីរព្រះពុទ្ធសាសនា។
លោក មាសលី អាចារ្យមួយរូបនៅខេត្តកំពង់ចាម
ដែលបានស្រាវជ្រាវអំពីរឿងនេះ បានប្រាប់ឲ្យដឹងថា
គឺមាននៅក្នុងបឋមកប្ប ដែលជាកប្បកកើតផែនដីដំបូង
ហើយពេលនោះមាននរវិទូអ្នកចេះដឹងបានស្វែងរកសត្វទាំងឡាយ
ដែលបានកើតឡើងលើផែនដី ដើម្បីមកបង្កើតកំណត់ជាឆ្នាំ។
លោក មាស លី ៖ «នរវិទូទាំងឡាយនោះលោកបានស្វែងរកឃើញថា
សត្វកណ្ដុរ ជាសត្វបានកកើតឡើងមុនគេក្នុងចំណោមសត្វទាំងពួង។
រហូតមកមានសត្វគោ ខ្លា សត្វទន្សាយ ពស់ (ពស់មានពីរប្រភេទ
គឺសត្វពស់នាគរាជ និងធម្មតា) សត្វសេះ ពពែ ស្វា មាន់ ឆ្កែ សត្វជ្រូក
ជាបរិយោសាន (ទីបញ្ចប់)។ ដូច្នេះ
នរៈវិទូហ្នឹងក៏នាំគ្នាប្រតិស្ឋអធិដ្ឋានឡើងថាឆ្នាំជូតហ្នឹង
សត្វកណ្ដុរជាឆ្នាំទី១»។
អ្នកសិក្សាស្រាវជ្រាវវប្បធម៌ខ្មែរមួយចំនួនទៀត
បានឲ្យដឹងដែរថា ការបង្កើតឆ្នាំទាំង ១២
ហើយមានរួមបញ្ចូលយកឈ្មោះសត្វមកតំណាងឲ្យឆ្នាំនីមួយៗ
ដែលមានសត្វកណ្ដុរនៅខាងដើមជាឆ្នាំជូត
ហើយនិងសត្វជ្រូកតំណាងឆ្នាំកោរនៅខាងឆ្នាំបញ្ចប់នោះ គេអាចថា
ទំនងមកពីអ្នកស្រាវជ្រាវបុរាណលោកពិនិត្យមើលទៅលើចរិត
ឬកិរិយាមារយាទរបស់សត្វទាំងឡាយនោះ
ដើម្បីប្រៀបនឹងចរិតលក្ខណៈរបស់មនុស្ស
ដូចជាសត្វកណ្ដុរត្រូវបានគេចាត់ទុកថា ជាសត្វពូកែខាងស្ដាប់សូរ
ហើយសត្វគោថា ជាសត្វរងកម្មត្រូវគេប្រើ ជាសត្វល្ងង់ជាដើម៕
No comments:
Post a Comment