បទអន្តរាគមន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រយៈពេល២ថ្ងៃនៅតុលាការយុត្តធម៌អន្តរជាតិ
Kampuchea Thmey Daily
03 June 2011
URL:http://www.kampucheathmey.com/index.php/77-hote-news/275-2011-06-03-10-49-25
ភ្នំពេញ ៖ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បាន ថ្លែងបទអន្តរាគមន៍រយៈពេល២ថ្ងៃនៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ស្ដីពីវិធានការបន្ទាន់ការពារប្រាសាទព្រះវិហារ ដែលមានខ្លឹមសារទាំងស្រុងដូចតទៅ៖
សេចក្តីផ្តើម
លោកប្រធាន លោក លោកស្រីសមាជិកតុលាការ
ថ្ងៃនេះ ខ្ញុំមកបង្ហាញខ្លួននៅមុខតុលាការយុត្តិធម៌អន្តរជាតិ ក្នុងនាមជាភ្នាក់ងារតំណាងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងក្តីរំជួលចិត្ត ក្នុងស្ថានភាពមួយដ៏ធ្ងន់ធ្ងរ ។
គ្រប់អ្នកជំនាញការអន្តរជាតិទាំងអស់ អ្នកឯកទេសខាងសាលក្រមរបស់តុលាការអន្តរជាតិ ឬក៏អ្នកជំនាញការទូទៅ បានស្គាល់យ៉ាងច្បាស់ពីសាលក្រមស្តីអំពីប្រាសាទព្រះវិហារដែលតុលាការអន្តរជាតិបានប្រកាសសំរេច កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ១៩៦២ ។ គេអាចចាត់ទុកបានថា សាលក្រមនេះ អាចគ្រាន់តែជាអនុស្សាវរីយ៍ ប្រវត្តិសាស្រ្ត នៃសាលក្រមដ៏ល្បីល្បាញមួយតែប៉ុណ្ណោះ ។ ក៏ប៉ុន្តែ ការពិតវាមិនដូច្នេះនោះទេ ។
ជាការគួរឱ្យសោកស្តាយណាស់ដែលថា វត្តមានរបស់ខ្ញុំនៅចំពោះមុខតុលាការជាន់ខ្ពស់របស់អ្នកក្នុងថ្ងៃនេះ គឺក៏ព្រោះតែបច្ចុប្បន្នភាពដ៏ក្តៅគគុគនៃរឿងចាស់ដដែលនេះ ។ នៅក្នុងសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ តុលាការបានបញ្ជាក់យ៉ាងច្បាស់ណាស់ ជាពិសេស នៅក្នុងសេចក្តីសំរេចរបស់ខ្លួនថា ខ្ញុំសូមធ្វើការដកស្រង់ដូចតទៅ «ប្រាសាទព្រះវិហារ ស្ថិតនៅដែនដីដែលស្ថិតនៅក្នុងអធិបតេយ្យភាពរបស់កម្ពុជា» និងដោយហេតុដូចនេះ« ថៃត្រូវតែដកនូវគ្រប់កំលាំងយោធា ឬក៏កំលាំងនគរបាល ទាំងឡាយ ឬក៏ឆ្នាំ ឬក៏អ្នកយាមទាំងឡាយ ដែលខ្លួនបានដាក់នៅប្រាសាទ ឬក៏នៅតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅលើទឹកដីកម្ពុជា ។
ថ្ងៃនេះ នៅតំបន់ដដែល ដែលស្ថិតនៅជិតប្រាសាទព្រះវិហារ កម្ពុជាត្រូវបានរងនូវការទន្រ្ទានឈ្លានពាន ដោយអាវុធពីសំណាក់ប្រទេសថៃ ដោយសារតែការបកស្រាយខុស មិនអាចទទួលយកបាននៃសាលក្រមនេះ ពីសំណាក់ប្រទេសថៃ ។ ជាអកុសល យើងនៅចាំបានថា ប្រតិកម្មដំបូងរបស់ថៃទៅលើសេចក្តីសំរេចរបស់តុលាការអន្តរជាតិ ដែលភាគីទាំង២ ត្រូវមានកាតព្វកិច្ចគោរព ត្រូវបានថៃទាត់ចោល ។ ហើយបើទោះជា នៅទីបញ្ចប់ ថៃព្រមទទួលយក សាលក្រមនេះវិញក៏ដោយ ក៏ការទទួលយកសាលក្រមរបស់ថៃនេះត្រូវបានធ្វើឡើងទាំងបង្ខំចិត្ត ហើយថៃបានធ្វើការបញ្ជាក់យ៉ាងច្បាស់លើបំណងជារៀងដរាបរបស់ខ្លួន នូវការចង់ដណ្តើមយកមកវិញ នូវទឹកដី ដែលពាក់ព័ន្ធនឹងសាលក្រមនេះ ។ ទង្វើរបស់ថៃនេះ បានលេចចេញឡើងម្តងទៀតនៅឆ្នាំ ២០០៨ តាមរយៈ ការទន្ទ្រានឈ្លានពានដោយយោធាជាចំហ និងការកាន់កាប់ជាក់ស្តែង ពីសំណាក់កងកំលាំងប្រដាប់អាវុធថៃ លើមួយផ្នែកក្នុងទឹកដីខ្មែរ។
ខ្ញុំសូមទុកជូនទីប្រឹក្សាច្បាប់របស់កម្ពុជាពន្យល់អំពីមូលហេតុដែលថា ការស្នើសុំវិធានរក្សាទុករបស់កម្ពុជា អាចទទួលយកបាន និងហេតុអ្វីបានជាវិធានការនេះជាការចាំបាច់។
ចំពោះខ្ញុំវិញ ខ្ញុំសូមធ្វើការពន្យល់នូវចំណុចមួយចំនួនដូចតទៅនេះ ៖
បរិបទនៃវិវាទ
ជំហររបស់កម្ពុជា
ការចាំបាច់តំរូវអោយតុលាការយុត្តិធម៌អន្តរជាតិ ចេញសេចក្តីសំរេចយ៉ាងឆាប់ចំពោះវិធានរក្សាទុកបន្ទាន់ ដើម្បីការពារសន្តិភាពក្នុងតំបន់ និងចៀសវាងការប៉ះទង្គិចជាថ្មីខាងយោធាកាន់តែធ្ងន់ធ្ងរថែមទៀត។
បរិបទនៃវិវាទ
នរណាក៏ដឹងដែរថា កម្ពុជាទើបតែរួចផុតពីប្រវត្តិកាលដ៏រំជើបរំជួលមួយអស់រយៈកាលជាង ៣ ទសវត្សរ៍ មកហើយ។
គឺបន្ទាប់ពីកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១មក កម្ពុជាទទួលបានមកវិញនូវសន្តិភាព ហើយកម្ពុជា បានសំណូមពរអោយមានការដោះស្រាយរាល់វិវាទទាំងអស់ ដែលអាចកើតមានឡើងជាមួយប្រទេសជិតខាង ដោយសន្តិវិធី។ ហេតុនេះហើយបានជាកម្ពុជា បានផ្តួចផ្តើមគំនិត បើកយន្តការចរចាដោយសន្តិវិធីជាមួយនឹងរដ្ឋជិតខាងដូចដែលមានចែងលំអិត នៅក្នុងសំណើរបស់កម្ពុជា ដែលបានដាក់ជូនតុលាការយុត្តិធម៌អន្តរជាតិថ្មីៗនេះ។ កម្ពុជានឹងសប្បាយរីករាយណាស់ប្រសិនបើយន្តការសន្តិវិធី ដែលខ្លួនបានផ្តល់គំនិតផ្តួចផ្តើមនោះ អាចឈានទៅដល់ ដំណោះស្រាយចំពោះបញ្ហាលើមូលដ្ឋាន ក្នុងក្របខ័ណ្ឌការបកស្រាយ និងការអនុវត្តដោយសុច្ចចិត្ត នូវសាលក្រម របស់តុលាការអន្តរជាតិ ។
ក៏ប៉ុន្តែ យើងមិនអាចអនុវត្តយន្តការសន្តិវិធីនេះបានទេ ដោយសារតែថៃបង្កឧបសគ្គជាបន្តបន្ទាប់ម្តងហើយម្តងទៀតមកលើកម្ពុជា ។ ភាពទាល់ច្រកទាំងនេះ បង្ហាញអោយឃើញកាន់តែច្បាស់ថា ថៃតែងតែ ផ្អែកលើការបកស្រាយទាំងខុសរបស់ខ្លួន ចំពោះសាលក្រមឆ្នាំ១៩៦២ ដែលជាការបកស្រាយមួយ ខ្វះភាពស៊ីសង្វាក់គ្នា និងខ្វះមូលដ្ឋានទាំងស្រុង ហើយដែលគេអាចយល់ឃើញថា នេះជាទង្វើមួយដែលគ្រាន់តែដើម្បីស្វែងរកភាពស្របច្បាប់ ដល់ការឈ្លានពានផ្នែកយោធារបស់ថៃតែប៉ុណ្ណោះ ដែលនេះជាការរំលោភយ៉ាងកំរោល មក លើអធិបតេយ្យភាពកម្ពុជាយ៉ាងច្បាស់ក្រឡែត ។
បើទោះជាយ៉ាងដូចនេះក្តី អស់រយៈកាលយូរលង់ណាស់មកហើយ ថៃមិនដែលបានតវ៉ាលើសេចក្តីសំរេច របស់តុលាការអន្តរជាតិ ឆ្នាំ១៩៦២ ឡើយ ។ គឺទើបតែ នៅពេលដែលកម្ពុជាទទួលបាននូវការដាក់ប្រាសាទព្រះវិហារ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ តែប៉ុណ្ណោះ ទើបប្រទេសថៃបានបង្ហាញមហិច្ឆតាពិតប្រាកដរបស់ខ្លួន ។ មួយសប្តាហ៍ បន្ទាប់ពីថ្ងៃនោះមក ពោលគឺ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០០៨ កម្ពុជាបានទទួលរងនូវការឈ្លានពានផ្នែកយោធា ជាច្រើនលើក ច្រើនគ្រា នៅតាមបណ្តោយព្រំដែន ក្នុងតំបន់ប្រាសាទព្រះវិហារ ។ ការឈ្លានពានទាំងនេះ គឺបានរីករាលដាលកាន់តែធំ ឡើងៗ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដោយរួមបញ្ចូលទាំងទីតាំងក្រៅតំបន់ប្រាសាទព្រះវិហារផងដែរ។ យើងមើលឃើញយ៉ាងជាក់ច្បាស់ថា នេះមិនមែនជាឧបទ្ទវហេតុដែលបានកើតឡើងដោយឯកឯងនោះទេ ក៏ប៉ុន្តែវាជា គោលនយោបាយមួយ ដែលមានការគ្រោងទុកជាមុន និងដែលបានធ្វើឡើងជាបន្តបន្ទាប់របស់ថៃ មកលើតំបន់ប្រាសាទព្រះវិហារ ដោយសារតែការបកស្រាយក្លែងបន្លំ និងគ្មានមូលដ្ឋានរបស់ថៃ ទៅលើអត្ថន័យនៃសាលក្រម តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ ។
ការបកស្រាយដែលថៃបានធ្វើឡើងចំពោះសាលក្រមឆ្នាំ១៩៦២ មិនគ្រាន់តែជាដើមចមនៃការស្នើសុំរបស់កម្ពុជា អោយតុលាការយុត្តិធម៌អន្តរជាតិធ្វើការបកស្រាយនោះទេ ក៏ប៉ុន្តែ លើសពីនេះទៅទៀត ក្នុងបរិបទនៃនីតិវិធីនៃវិធានរក្សាទុកបន្ទាន់នេះ វាមានការចាំបាច់ក្នុងការស្នើសុំអោយតុលាការធ្វើការបកស្រាយជាបន្ទាន់ ដែលនេះ មិនមែនគ្រាន់តែជាការទាមទារណាមួយលើផ្នែកការទូតនោះទេ តែវាជាដើមចមនៃការឈ្លានពាន ផ្នែកយោធា ជាច្រើនលើក ច្រើនគ្រារបស់ថៃមកលើកម្ពុជា ដែលការឈ្លានពាននេះអាចធ្វើឡើងទៅបាន ដោយសារតែឧត្តមភាព នៃចំនួនយោធា និងអាវុធទំនើបៗរបស់ថៃ ។
បើទោះជាមានការសំរបសំរួលពីសំណាក់អាស៊ាន និងការទទួលយកយន្តការឈប់បាញ់គ្នាពីសំណាក់កម្ពុជាក៏ដោយ ក៏ការច្បាំងគ្នានៅតែបន្ត ដែលបង្កអោយមានមនុស្សស្លាប់ រងរបួស និងបង្ខំអោយមានការជម្លៀសប្រជាជនជាច្រើនសន្ធឹកសន្ធាប់ ។ ការវាយប្រហារនៃកងទ័ពថៃមកលើកម្ពុជាកាន់តែកើនឡើងថែមទៀត ទាំងនៅក្នុងតំបន់ប្រាសាទព្រះវិហារ ទាំងនៅតំបន់ផ្សេងទៀត តាមបណ្តោយព្រំដែននៃរដ្ឋទាំងពីរ ។ ការវាយប្រហារ ទាំងនេះ គីជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ ហើយនេះក៏ជាការព្រួយបារម្ភ របស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំរបស់ខ្លួន កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១១ ហើយនេះ ក៏ជាព្រួយបារម្ភ ពីសំណាក់លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិផងដែរ ។
ហេតុដូចនេះហើយ បានជា នៅពេលដែលកម្ពុជាមានបំណងលើករឿងនេះមកតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីទំលុះភាពទាល់ច្រក ដែលបង្កឡើងដោយសារតែការបកស្រាយពីរខុសគ្នា នៃសាលក្រម ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជាបានសំរេចចិត្តស្នើសុំ អោយតុលាការយុត្តិធម៌អន្តរជាតិ ធ្វើការសំរេចដាក់ចេញនូវវិធានរក្សាទុក ជាបន្ទាន់មួយ ដើម្បីការពារ និងរក្សាសិទ្ធិរបស់កម្ពុជាលើទឹកដីរបស់ខ្លួន និងដើម្បីចៀសវាងកុំអោយវិវាទយោធានេះ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត ហើយក៏ដើម្បីអនុញ្ញាតអោយតុលាការធ្វើការកាត់សេចក្តីលើវិវាទនេះ ។
ហេតុដូចនេះ វាច្បាស់ណាស់ថា វិធានដែលកម្ពុជាស្នើសុំទៅតុលាការ ពាក់ព័ន្ធផ្ទាល់នឹងប្រធានបទ នៃបណ្តឹងរបស់កម្ពុជា ពោលគឺការស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ ធ្វើការបកស្រាយលើសាលក្រម ឆ្នាំ ១៩៦២។
ហេតុដូចនេះ ខ្ញុំសូមធ្វើការពន្យល់យ៉ាងខ្លី ថាតើកម្ពុជាធ្វើការបកស្រាយយ៉ាងណាចំពោះសាលក្រម ឆ្នាំ១៩៦២ នេះ។
២-ទស្សនទានរបស់កម្ពុជា
ចំពោះកម្ពុជា វាមិនមែនជាការមួយស្រពេចស្រពិលទេ ដែលថាសាលក្រមឆ្នាំ ១៩៦២ ឈរលើមូលដ្ឋាន នៃការមានស្រាប់នូវព្រំដែនអន្តរជាតិមួយយ៉ាងជាក់ច្បាស់ ហើយដែលត្រូវបានទទួលស្គាល់ពីសំណាក់រដ្ឋទាំងពីរ ។
ព្រំដែននេះ ត្រូវបានកំណត់ឡើងដោយផែនទីឧបសម្ព័ន្ឋ១ ដែលតុលាការយុត្តិធម៌អន្តរជាតិបានផ្អែកលើទាំងស្រុង និងដែលតុលាការយុត្តិធម៌អន្តរជាតិយកជាមូលដ្ឋាន ក្នុងការធ្វើសេចក្តីសំរេចថា អធិបតេយ្យភាពកម្ពុជា លើប្រាសាទព្រះវិហារ គឺជាលទ្ធផលផ្ទាល់ និងស្វ័យប្រវត្តិ ដែលបណ្តាលមកពីអធិបតេយ្យភាពកម្ពុជា លើដែនដី ដែលប្រាសាទព្រះវិហារ ឈរលើ ។
យោងតាមសេចក្តីសំរេចចិត្តរបស់សាលក្រមឆ្នាំ ១៩៦២ ថៃត្រូវតែដកបុគ្គលិកយោធា និងបុគ្គលិកផ្សេងទៀត ដែលខ្លួនបានដាក់នៅក្នុងប្រាសាទ ឬក៏នៅតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅលើដែនដីកម្ពុជា។ ចំពោះកម្ពុជា កាតព្វកិច្ចរបស់ថៃនេះ ត្រូវបានប្រកាសឡើងជាលក្ខណៈទូទៅ និងជានិរន្ត ដោយយោងលើការទទួលស្គាល់ និងការបញ្ជាក់ពីសំណាក់តុលាការយុត្តិធម៌អន្តរជាតិ ចំពោះអធិបតេយ្យភាពដែនដីរបស់កម្ពុជា ដែលតុលាការ អន្តរជាតិបានទទួលស្គាល់នៅក្នុងតំបន់នេះតាំងពីឆ្នាំ១៩៦២មក ។
ហេតុដូចនេះ ចំពោះកម្ពុជា ការបកស្រាយដែលយកជាការបាន ហើយដែលមានប្រៀបនោះ គឺកម្ពុជា មានអធិបតេយ្យភាពពេញលេញលើដែនដីក្នុងតំបន់ប្រាសាទព្រះវិហារ ដែលដែនកំណត់ព្រំដែន ត្រូវបានធ្វើឡើង តាមផែនទីឧបសម្ព័ន្ឋ ១ ដែលតុលាការបានផ្អែកលើទាំងស្រុង ក្នុងការធ្វើការកាត់សេចក្តី កាលពីឆ្នាំ ១៩៦២ ។
ទោះជាយ៉ាងណាក៏ដោយ គឺគ្មានការកំណត់ព្រំដែនណាមួយផ្សេងទៀត ដែលអាចយកជាការបាន និងស្របច្បាប់បានទេ បើទោះជាថៃមានបំណងទាមទារកាន់កាប់តំបន់ប្រាសាទព្រះវិហារ ថានេះជាផ្នែកមួយ នៃទឹកដី របស់គេក៏ដោយ ។
ចំពោះថៃវិញ ព្រំដែននៅតំបន់ប្រាសាទព្រះវិហារ មិនគួរត្រូវបានទទួលស្គាល់ដោយតុលាការយុត្តិធម៌ អន្តរជាតិនោះទេ ហើយគួរតែត្រូវធ្វើឡើងតាមច្បាប់ ដែលនេះជំរុញអោយថៃទាមទារដែនដីនៅតំបន់ជុំវិញប្រាសាទ ដោយឈរលើមូលដ្ឋាននៃ «ខ្សែបែងចែកទឹក» ដូចដែលរដ្ឋនេះ បានធ្វើការប្តឹងតវ៉ា ដោយមិនទទួលបានជោគជ័យ នៅចំពោះមុខតុលាការកាលពីឆ្នាំ ១៩៥៩ - ១៩៦២ ។ យើងដឹងហើយថា កាលនោះ តុលាការយុត្តិធម៌អន្តរជាតិ បានទាត់ចោលទស្សនទាននេះហើយ ។ លើសពីនេះទៅទៀត ចាប់តាំងពីឆ្នាំ ២០០៧មក ការទាមទារទាំងខុស ទាំងនេះ បានអនុញ្ញាតអោយថៃទាមទារប្រាថ្នាចង់បានទឹកដីមួយដែលធំជាងមុនទៅទៀត ដោយខ្លួនបានប្រឌិតឡើង នូវខ្សែបន្ទាត់ថ្មីមួយផ្សេងទៀត ដែលលយចេញឆ្ងាយពីតំបន់ដែលថៃបានទាមទារពីឆ្នាំ ១៩៥៩-១៩៦២ ថៃធ្វើនេះដោយគឃ្លើន មិនគោរពសាលក្រមតុលាការអន្តរជាតិ ជាពិសេសត្រង់ចំណុចទី ២ នៃសេចក្តីសំរេចចិត្ត ។
ដូចនេះ ថៃមិនគ្រាន់តែតវ៉ាចំពោះអធិបតេយ្យភាពរបស់កម្ពុជានៅតំបន់នេះតែប៉ុណ្ណោះនោះទេ គឺថៃថែមទាំងបានបង្ខំគេអោយទទួលយកការធ្វើការបកស្រាយជាឯកតោភាគីទាំងខុសរបស់ខ្លួន ដោយមកធ្វើការកាន់កាប់ជាក់ស្តែង លើតំបន់នេះ តាមរយៈការវាយលុកតាមផ្លូវយោធា ដែលបណ្តាលអោយមនុស្សស្លាប់រាប់សិបរយនាក់ ដែលនេះជាដើមចមនៃបណ្តឹងរបស់កម្ពុជា និងការស្នើសុំអោយតុលាការអន្តរជាតិដាក់ចេញនូវវិធានរក្សាទុក ។
តាមការពិត ដូចដែលខ្ញុំបានលើកឡើងហើយថា ថៃបានបញ្ជាក់នូវគោលជំហររបស់ខ្លួនសារជាថ្មី ដូចជំហរដែលខ្លួនបានប្រកាន់យក នៅពេលដែលវិវាទនេះបានដាក់មកតុលាការកាលពីឆ្នាំ ១៩៥៩ ហើយថៃបានលើកឡើងនូវអំណះអំណាង ដដែលជាដដែល ដែលតុលាការបានទាត់ចោលជាស្ថាពរតាំងពីឆ្នាំ១៩៦២ មកម៉្លេះ។
ចំពោះកម្ពុជា នេះជាទង្វើមួយ គឺទាំងផ្លូវនយោបាយ ទាំងផ្លូវច្បាប់ កម្ពុជាមិនអាចទទួលយកបាន។ បើសិនជាដូចនេះ គឺបានន័យថា តុលាការបានធ្វើការសំរេចថា មានតែតួប្រាសាទព្រះវិហារតែប៉ុណ្ណោះ ដែលស្ថិតនៅលើដែនដីកម្ពុជា។ ក៏ប៉ុន្តែ នៅឆ្នាំ ១៩៦២ តុលាការបានសំរេចថា ប្រាសាទព្រះវិហារស្ថិតនៅលើដែនដីកម្ពុជា ដោយទទួលស្គាល់អធិបតេយ្យភាពរបស់រដ្ឋនេះ ទៅលើដែនដីទាំងមូល គឺមិនមែនតែទៅលើតួប្រាសាទនោះទេ។ នេះគឺចេញមកពីកាតព្វកិច្ចដែលមិនអាចប្រកែកបាន ដែលតុលាការយុត្តិធម៌អន្តរជាតិ តំរូវអោយថៃដកចេញ មិនគ្រាន់តែចេញពីប្រាសាទព្រះវិហារប៉ុណ្ណោះទេ គឺថែមទាំងអោយថៃចេញអោយអស់ ពីតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅលើដែនដីកម្ពុជាទៀតផង។
ហេតុដូច្នេះហើយបានជា ចំពោះកម្ពុជាកាតព្វកិច្ចរបស់ថៃ ក្នុងការ « ដកចេញទាំងអស់នូវរាល់គ្រប់កំលាំង ប្រដាប់អាវុធ យោធា ឬនគរបាល ឬឆ្មាំ ឬអ្នកយាមផ្សេងទៀត ដែលខ្លួនបានដាក់នៅក្នុងប្រាសាទ ឬនៅតំបន់ជុំវិញប្រាសាទ ដែលស្ថិតនៅលើដែនដីកម្ពុជា» នេះបើយោងទៅលើចំណុចទី២ របស់សាលក្រម ហើយនេះគឺជាផលនៃកាតព្វកិច្ចទូទៅ និងនិរន្ត របស់ថៃ ក្នុងការគោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់កម្ពុជា។ បច្ចុប្បន្ននេះ ទឹកដីដែលថៃទាមទារតវ៉ាយកមកកាន់កាប់ លាតសន្ធឹងក្នុងតំបន់ប្រាសាទព្រះវិហារ និង តំបន់ជុំវិញប្រាសាទ រហូតទៅដល់ខ្សែបន្ទាត់នៃផែនទីឧបសម្ព័ន្ធ១ (Annexe 1)ផែនទីដែលតុលាការយកជាមូលដ្ឋានក្នុងការកាត់សេចក្តី កាលពីឆ្នាំ ១៩៦២ ។
ការមិនទទួលស្គាល់កាតព្វកិច្ច មិនគោរពអធិបតេយ្យភាពរបស់កម្ពុជា ក្នុងតំបន់នេះ គឺជាមូលហេតុដ៏ធ្ងន់ធ្ងរនៃការប្រឈមមុខដាក់គ្នា ផ្នែកយោធា ហើយដែលធ្វើអោយកម្ពុជាបង្ខំចិត្ត ស្នើសុំអោយតុលាការយុត្តិធម៌អន្តរជាតិ ដាក់ចេញនូវវិធានរក្សាទុកជាបន្ទាន់ ដើម្បីរក្សាសិទ្ធិរបស់កម្ពុជានៅលើទឹកដីរបស់ខ្លួន និងដើម្បីចៀសវាងផលប៉ះពាល់ខូចខាតមួយដែលមិនអាចជួសជុលវិញបាន និងការធ្វើអោយវិវាទនេះ កាន់តែធ្ងន់ធ្ងរឡើងថែមទៀត។
៣ - ព្យសនកម្ម ឬការខាតបង់ដែលមិនអាចកាត់ថ្លៃបាន
ភាពប្រឈម និងផលប៉ះពាល់ដែលមិនអាចកាត់ថ្លៃបាន និងការធ្វើអោយវិវាទនេះកាន់តែធ្ងន់ធ្ងរថែមទៀត បច្ចុប្បន្ននេះ មានកំរិតខ្ពស់ណាស់។
ដោយមិនចាំបាច់លំអិតនូវរាល់គ្រប់ឧប្បទ្ទវហេតុ ដែលកើតចេញពីស្ថានភាពដែលខ្ញុំបានលើកឡើងខាងលើនេះទេនោះ កម្ពុជាសូមធ្វើការសង្កត់ធ្ងន់ទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖
ដូចដែលបានចែងក្នុងបណ្តឹងដែលកម្ពុជាបានដាក់ជូនទៅតុលាការ សូមអោយបកស្រាយសាលក្រមឆ្នាំ១៩៦២ ឧបទ្ទវហេតុដែលបានផ្ទុះឡើងនៅតាមបណ្តោយព្រំដែនរវាងរដ្ឋទាំង២ បានកើនឡើង ជាច្រើនលើក ច្រើនគ្រា បន្ទាប់ពីការដាក់ប្រាសាទព្រះវិហារកម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO កាលពីថ្ងៃទី៧ កក្កដា ២០០៨ មក។ ការជំទាស់យ៉ាងខ្លាំងរបស់ថៃ នៅពេលចុះបញ្ជីនេះ គឺជាចំណុចផ្តើម នៃហេតុការណ៍ដែលកើតឡើងជាបន្តបន្ទាប់មក។ ជាការពិតណាស់នៅថ្ងៃទី ១៥ កក្កដា ២០០៨ ទាហានថៃជាច្រើនបានឆ្លងដែនមកទឹកដីកម្ពុជា កាន់កាប់ តំបន់មួយក្នុងទឹកដីកម្ពុជា ដែលស្ថិតនៅក្បែរប្រាសាទព្រះវិហារ។ នៅខែតុលា ២០០៨ កងកំលាំងប្រដាប់អាវុធថៃ បានឆ្លងដែនជាថ្មីម្តងទៀត និងបានបើកការវាយប្រហារមកលើទាហានកម្ពុជា ដែលបណ្តាលអោយ ទាហានកម្ពុជាស្លាប់ ២ នាក់ និងរបួស ២នាក់ផ្សេងទៀត។ ជាថ្មីម្តងទៀត នៅថ្ងៃទី ៣ មេសា ២០០៩ កងកំលាំងប្រដាប់អាវុធថៃ បានឆ្លងដែនចូលក្នុងទឹកដីកម្ពុជា រហូតទល់នឹងក្បែរតួប្រាសាទព្រះវិហារតែម្តង ដោយប្រើនូវអាវុធធុនធ្ងន់ បណ្តាលអោយខូចខាតដល់ជណ្ដើរប្រាសាទព្រះវិហារ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រោយពីទទួលបានព័ត៌មានពីសភាពការធ្ងន់ធ្ងរនេះ បានស្នើខ្លួន ជួយដោះស្រាយវិវាទរវាងថៃ និងកម្ពុជានេះ។ ធ្ងន់ជាងនេះទៅទៀត ចន្លោះពីថ្ងៃទី ៤-៧ កុម្ភៈ ២០១១ ថៃបានបង្កហេតុអោយមានឧបទ្ទវហេតុជាថ្មី ដោយទន្ទ្រានចូលមកក្បែរប្រាសាទព្រះវិហារតែម្តង ដោយកាំភ្លើងធំ និងគ្រាប់បែកចង្កោម ដែលបណ្តាលអោយប្រជាជនស៊ីវិល និងយោធាកម្ពុជា ស្លាប់៦នាក់ និងរបួស ៧១នាក់ និង បង្កអោយមានការខូចខាតប្រាសាទព្រះវិហារផ្ទាល់តែម្តង។ ហេតុការណ៍នេះបានបណ្តាលអោយមានកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសន្តិសុខនៃ អង្គការសហប្រជាជាតិ នៅថ្ងៃទី ១៤ កុម្ភៈ ២០១១ ក្រោមគំនិតផ្តួចផ្តើមរបស់កម្ពុជា ។ ក្រុមប្រឹក្សា សន្តិសុខនៃអង្គការសហប្រជាជាតិបានសុំអោយមានការឈប់បាញ់គ្នាជាអចិន្ត្រៃយ៍មួយ រវាងភាគីទាំង២ ហើយបានផ្តល់ការគាំទ្រដល់អាស៊ាន ដើម្បីរកដំណោះស្រាយ ចំពោះវិវាទនេះ។ ដោយទទួលបានអាណត្តិពីក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន បានកោះប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ កាលពីថ្ងៃទី ២២ កុម្ភៈ ២០១១ ហើយដែលបានសំរេចនូវសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន ។
ការសំរបសំរួលរបស់អាស៊ាន បានស្នើឡើងជាច្រើនលើកច្រើនគ្រាអោយមានការបញ្ជូនអ្នកសង្កេតការណ៍ មកតាមបណ្តោយព្រំដែនប្រាសាទព្រះវិហារ ដែលកម្ពុជាបានទទួលយកភ្លាមៗ។ ផ្ទុយទៅវិញ ថៃរហូតមកទល់ពេលនេះ មិនទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីនេះ ហើយថៃថែមទាំងបង្ខំកម្ពុជាឱ្យដកកងទ័ពចេញពីប្រាសាទព្រះវិហារ និងពីតំបន់ប្រាសាទថែមទៀតផង ។ ហេតុដូចនេះកម្ពុជាប្រឈម នឹងការទាមទារមួយ ដែល មិនអាចទទួលយកបានពីសំណាក់ប្រទេសថៃ។
លើសពីនេះទៅទៀត រាជរដាភិបាលកម្ពុជា ដោយឈរលើស្មារតីគោរពអនុសញ្ញាស្តីពីការការពារ បេតិកភណ្ឌពិភពលោក វប្បធម៌ និង ធម្មជាតិ ឆ្នាំ ១៩៧២ សូមធ្វើការបញ្ជាក់សារជាថ្មីថា មិនដែលមានទាហាន ប្រដាប់អាវុធសោះឡើយក្នុងបរិវេណនៃប្រាសាទព្រះវិហារ លើកលែងតែវត្តមាននៃនគរបាលមួយចំនួន ដែលមានភារកិច្ចការពារប្រាសាទ និងទេសចរ ដែលមកទស្សនាប្រាសាទ ។
ចាប់តាំងពីពេលនោះមក ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ាន បានស្នើឡើងចំនួន ៧ លើក នូវគំរោងលក្ខខណ្ឌប្រតិបត្តិ (TOR) ដើម្បីបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនមក ហើយដែលកម្ពុជាជានិច្ចកាល តែងតែឆ្លើយតបជាវិជ្ជមានភ្លាម ផ្ទុយទៅវិញ គឺភាគីថៃនោះទេ ដែលរហូតមកទល់ពេលនេះ នៅតែមិនទទួលយក នូវការស្នើឡើងទាំងនោះ របស់ឥណ្ឌូណេស៊ី ។
នៅចំពោះមុខការបដិសេធពីសំណាក់ភាគីថៃយ៉ាងដូចនេះ ឥណ្ឌូណេស៊ីបានកោះប្រជុំរដ្ឋមន្ត្រីការបរទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី កាលពីថ្ងៃទី ៩ ឧសភា កន្លងទៅនេះ នៅទីក្រុងហ្សាការតា ។ ក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រី ការបរទេសទាំងបីបានឯកភាពគ្នាលើវិធានការមួយចំនួនរួមមាន ការបង្កើតឡើង និងការបញ្ជូនអ្នកសង្កេតការណ៍ ឥណ្ឌូណេស៊ី ។ កម្ពុជាបានឯកភាពភ្លាមនូវផែនទីចង្អុលផ្លូវនេះ ក៏ប៉ុន្តែរដ្ឋាភិបាលថៃ ជាថ្មីម្តងទៀត ហើយជាការគួរអោយសោកស្តាយជាទីបំផុត បានច្រានចោល មិនទទួលយកការស្នើឡើងនេះទេ ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃទី ៧-៨ ឧសភា ២០១១ ថៃបានដាក់លក្ខខ័ណ្ឌចំនួន៣ ដល់កម្ពុជា ជាថ្នូរ និងការទទួលយកអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ៖
អោយកម្ពុជាដកកំលាំងរបស់ខ្លួនចេញពីប្រាសាទព្រះវិហារ
អោយកម្ពុជាដកកំលាំងរបស់ខ្លួនចេញពីវត្តដែលស្ថិតនៅលើដីកម្ពុជា
អោយកម្ពុជាដកប្រជាជនកម្ពុជាចេញពីផ្សារដែលស្ថិតនៅមុខប្រាសាទព្រះវិហារ
តើអោយកម្ពុជាដកកំលាំង និងប្រជាជនរបស់ខ្លួនចេញពីទឹកដីរបស់ខ្លួនយ៉ាងដូចម្តេចទៅ? តើលក្ខខ័ណ្ឌ របស់ថៃទាំងនេះ មិនមែនជាការគំរាមកំហែងដល់សកម្មភាពណាមួយរបស់ទាហានទៅថ្ងៃអនាគត មកលើកម្ពុជាទេឬ?
ការឈ្លានពានថ្មីៗរបស់ថៃ ចាប់ពីថ្ងៃទី ២២ មេសា ២០១១ នៅក្នុងតំបន់ប្រាសាទព្រះវិហារ ក៏ដូចជា នៅតាមបណ្តោយព្រំដែនក្បែរប្រាសាទខ្មែរ តាមាន់ និងតាក្របី ដែលស្ថិតនៅភាគខាងលិច ប្រាសាទព្រះវិហារ និងក្នុងតំបន់មួយ ដែលមានប្រជាជនរស់នៅច្រើនកុះករ បានធ្វើអោយ ស្លាប់មនុស្ស ៧ នាក់ និងរបួស ១៧នាក់ និងបង្កអោយមានការជម្លៀសប្រជាជនជាង ៥០.០០០នាក់ ហើយទាំងធ្វើអោយខូចខាត ផ្ទះសំបែងជាច្រើនខ្នង និងសាលារៀនមួយផងដែរ។ ទោះបីជាមានកិច្ចព្រមព្រៀង ឈប់បាញ់គ្នាផ្ទាល់មាត់ រវាងបញ្ជាការយោធា ថ្ងៃទី ២៨ មេសា ២០១១ ក៏ដោយ ក៏ទាហានកម្ពុជា ២ នាក់ ត្រូវបានថៃសម្លាប់ ចាប់ពីថ្ងៃនោះមក។
ហេតុការណ៍ទាំងនេះ បញ្ជាក់អោយឃើញថា មិនមែនគ្រាន់តែប្រាសាទព្រះវិហារ ជាដើមចមនៃការឈ្លានពានរបស់ថៃ ហើយដែលរីករាលដាលនៅតាមបណ្តោយព្រំដែន ហើយនៅជាការគំរាមកំហែងមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែការព្រមព្រៀងឈប់បាញ់គ្នានេះ គ្រាន់តែជាការព្រមព្រៀងផ្ទាល់មាត់មួយតែប៉ុណ្ណោះរវាងមេបញ្ជាការ យោធានៅមូលដ្ឋាន គឺជាការព្រមព្រៀងមួយ ដែលនៅតែផុយស្រួយល្គឹកណាតុលាការយុត្តិធម៌អន្តរជាតិ មិនបានដាក់ចេញ នូវវិធានរក្សាទុកមួយនោះទេ។
បើទោះជាកម្ពុជាដឹងយ៉ាងច្បាស់ហើយថា តុលាការយុត្តិធម៌អន្តរជាតិ ក្នុងក្របខ័ណ្ឌនៃភារកិច្ចរបស់ខ្លួន អាចផ្អែកលើត្រឹមតែហេតុការណ៍ដែលមានទំនាក់ទំនងផ្ទាល់ជាមួយនឹង ដើមបណ្តឹងក្នុងតំបន់ប្រាសាទព្រះវិហារ ក៏កម្ពុជានៅតែចង់បញ្ជាក់ថាឧបទ្ទវហេតុដែលបានកើតឡើងនៅតំបន់ផ្សេងទៀត នៅតាមបណ្តោយព្រំដែន មាន ទំនាក់ទំនងផ្ទាល់ជាមួយនឹងអាកប្បកិរិយាបង្កសង្គ្រាមជាទូទៅរបស់ថៃ ហើយនេះបើទោះជាកម្ពុជាមានសុឆន្ទៈ ដោះស្រាយវិវាទពាក់ព័ន្ធនឹងតំបន់ប្រាសាទព្រះវិហារនេះ ដោយសន្តិវិធី និងជាស្ថាពរក៏ដោយ។
ដូចដែលយើងបានឃើញហើយថា ឧបទ្ទវហេតុនេះបានកើតមានឡើង បើទោះជាមានអន្តរាគមន៍ពីក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ក៏ដោយ ហើយបើទោះជាមានកិច្ចខំប្រឹងប្រែងរបស់ប្រធានអាស៊ាន ក្នុងការបញ្ជូនអ្នកសង្កេតការណ៍ដើម្បីធានាការឈប់បាញ់គ្នា និងកិច្ចព្រមព្រៀងផ្ទាល់មាត់រវាង មេបញ្ជាការយោធាក៏ដោយ។ ការប្រឈមមុខដាក់គ្នានេះបង្កអោយមានការខូចខាតដែលមិនអាចកាត់ថ្លៃបាន លើសម្បត្តិស្ថាបត្យកម្មនៃប្រាសាទព្រះវិហារផ្ទាល់តែម្តង ដែលជាបេតិកភណ្ឌរបស់មនុស្សជាតិ លើសពីនេះទៅទៀត វាបង្កអោយមានការបាត់បង់ជីវិតមនុស្សជាតិដោយឥតប្រយោជន៍ រួមទាំងបង្កអោយមានអ្នករងរបួសជាច្រើន ព្រមទាំងការជម្លៀសប្រជាជន ជាច្រើនសន្ធឹកសន្ធាប់ផងដែរ។
សេចក្តីសន្និដ្ឋាន៖
ជាកិច្ចបញ្ចប់ បន្ទាប់ពីការអត្ថាធិប្បាយដ៏ខ្លីខាងលើ កម្ពុជាសូមសំណូមពរអោយតុលាការយុត្តិធម៌ អន្តរជាតិ ដាក់ចេញនូវវិធានរក្សាទុក ដើម្បីបញ្ចៀសមិនអោយមានជនរងគ្រោះថ្មីៗថែមទៀត មិនអោយមានការបំផ្លិចបំផ្លាញប្រាសាទ បញ្ចប់ការទទួលរងការឈឺចាប់របស់ប្រជាជន និងដើម្បីរក្សាសិទ្ឋិរបស់កម្ពុជា លើតំបន់ប្រាសាទព្រះវិហារ ព្រោះថាស្ថានភាពនៅមូលដ្ឋានមានសភាពផុយ ស្រួយខ្លាំងណាស់ ដែលទាហាន នៃភាគីទាំង ២ កំពុងប្រឈមមុខដាក់គ្នា ហើយដែលការឈ្លានពានរបស់ថៃ មកលើកម្ពុជាថ្មីៗ ថែមទៀត អាចនឹងកើតមានឡើង នៅពេលណាមួយក៏បាន។
ឥឡូវនេះគឺដល់ពេលត្រូវច្បាប់អន្តរជាតិបន្លឺសំឡេងឡើងហើយ ដែលតុលាការយុត្តិធម៌អន្តរជាតិ របស់អ្នក ជាអ្នកធានាអោយមានការគោរពច្បាប់អន្តរជាតិនេះ ហើយដែលកម្ពុជា មានការគោរពបំផុត ហើយដែលតុលាការនេះ តែងតែសំណូមពរអោយវិវាទនេះ ត្រូវបានដោះស្រាយដោយសន្តិវិធី។
ហេតុដូច្នេះហើយបានជាកម្ពុជា ជឿទុកចិត្តយ៉ាងមុតមាំចំពោះតុលាការយុត្តិធម៌អន្តរជាតិ ហើយបានលើកយកវិវាទនេះមក ដាក់ជូនតុលាការពិនិត្យ និងដោះស្រាយ នេះគឺជាវិវាទមួយដែលបានអូសបន្លាយជាយូរលង់ណាស់មកហើយ ហើយដែលបានបង្កអោយមនុស្សជាតិជាច្រើនទទួលរងនូវការឈឺចុកចាប់ខ្លោចផ្សារក្រៃលែង។
លោកប្រធាន លោក លោកស្រី ដែលជាចៅក្រម ខ្ញុំអរគុណចំពោះការយកចិត្តទុកដាក់ស្តាប់របស់លោក លោកស្រី ហើយខ្ញុំសូមតុលាការមេត្តាផ្តល់វេទិកាជូនលោកហ្វ្រេងគ្លីន ប៊ែកម៉ាន (Franklin BERMAN)៕
Nokor Khmer offers unique overview of news across Cambodia, ASEAN, and certain perspectives. The unique way of getting closer to screening news headlines across the globe.
FOX News : Health
Subscribe to:
Post Comments (Atom)
សារព័ត៌មានអន្តរជាតិInternational News
No comments:
Post a Comment