បទសម្ភាសន៍ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី អំពីលទ្ធផលនៃ កិច្ចប្រជុំលើកទី៣៥ របស់គណៈកម្មាធិការ បេតិកភណ្ឌ ពិភពលោក
ទីក្រុងបារីស ប្រទេសបារាំង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១១
Council of Ministers
លោក សោម ឆាយ៉ា
សំណួរ៖ ដោយសារថាព្រឹត្តិការណ៍កន្លងមកនេះនៅទូរទស្សន៍ថៃ គ្រប់ប៉ុស្តិ៍ទាំងអស់ ហើយក៏នៅ Website អន្តរជាតិបានចុះផ្សាយស្តីអំពីការដើរចេញរបស់ភាគីថៃពីបេតិកភណ្ឌពិភពលោក ហេតុការណ៍នេះកើតឡើងដូចម្តេចដែរ សូមឯកឧត្តមជួយជម្រាបជូនប្រិយមិត្តទូរទស្សនិកជន បងប្អូនជនរួមជាតិយើងបន្តិចឯកឧត្តមបាទ ?
ឯកឧត្តមបណ្ឌិត សុខ អាន
ចម្លើយ៖ សូមអរគុណ លោក ឆាយ៉ា ដែលបានផ្តល់លទ្ធភាពឲ្យខ្ញុំបានជម្រាបជូនបងប្អូនជនរួមជាតិ ទាក់ទិននឹងរឿងដ៏សំខាន់នេះ ហើយយើងចាត់ទុកជាជោគជ័យមួយយ៉ាងល្អប្រសើរសម្រាប់បេសកកម្មរបស់យើងនេះ។ ហើយជាការលើកកិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាយើងនៅលើឆាកអន្តរជាតិ។ ចំណុចសំខាន់គឺថា ខ្ញុំសូមលើកសេចក្តីផ្តើមខ្លីមួយសិន ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៩ តែឥឡូវយើងមិនទាន់ចប់សព្វគ្រប់ទេ គឺគណៈកម្មាធិការបេតិកភណ្ឌពិភពលោកតែងតែមានការរៀបចំប្រចាំឆ្នាំ ដែលយើងហៅថាការប្រជុំប្រចាំឆ្នាំរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីពិនិត្យនូវស្ថានភាពនៃការអភិរក្ស ការថែរក្សាប្រាសាទ ការថែរក្សាបេតិកភណ្ឌពិភពលោក ដែលបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ អញ្ចឹងកាលណាបេតិកភណ្ឌមួយបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកមានភារៈកិច្ចស្វែងយល់ និងតាមដាន ហើយចលនាឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិ កិច្ចសហប្រតិបត្តិការពិភពលោក ការពារប្រភពនៃធនធានទាំងឡាយ ដើម្បីធ្វើការអភិរក្សឲ្យបានល្អសម្រាប់មនុស្សជាតិទាំងមូល តទៅដល់យុវជនជំនាន់ក្រោយៗទៀត។ នេះជាការងារធំមួយរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដូចជាប្រាសាទព្រះវិហារអញ្ចឹង ប្រាសាទព្រះវិហាររបស់យើងគឺសម្បត្តិបេតិកភណ្ឌពិភពលោកមួយហើយ ដែលបានចុះនៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨ នៅទីក្រុងកេប៊ិចមក។ អញ្ចឹងជារៀងរាល់ពេលប្រជុំគឺគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គឺមានភារៈកិច្ចតាមដាន និងពិនិត្យមើលថាតើស្ថានភាពរបស់ប្រាសាទព្រះវិហារហើយយ៉ាងណា ហើយមានការអភិរក្ស ការថែរក្សា ត្រឹមត្រូវហើយឬនៅ ដើម្បីពិនិត្យទាក់ទាញការចាប់អារម្មណ៍ ធ្វើយ៉ាងម៉េចសហប្រតិបត្តិការអន្តរជាតិទូលំទូលាយ ជួយអភិរក្ស ជួយជួសជុល ជួយកសាងអភិវឌ្ឍន៍ ដូចគេបានធ្វើរួចហើយ ដែលមានជោគជ័យយ៉ាងធំ នៅប្រាសាទអង្គររបស់យើង បានចុះឈ្មោះជាបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩៦ មក។ នេះជាដំណើរការធម្មតា ដែលបេតិកភណ្ឌជាតិមួយបានក្លាយជាបេតិកភណ្ឌពិភពលោក មានន័យថាបានក្លាយជាបេតិកភណ្ឌរបស់មនុស្សជាតិទាំងមូល។ ដូច្នេះឆ្នាំនេះគឺនៅក្នុងរបៀបវារៈអង្គប្រជុំ ប្រទេសកម្ពុជាគេលើកឡើងនិយាយអំពីប្រាសាទព្រះវិហាររបស់យើង ស្ថានភាពនៃការអភិរក្សយ៉ាងម៉េច ហើយការថែរក្សាយ៉ាងម៉េច នេះជាចំណុចដែលជៀសមិនផុត ដែលថៃមិនចង់បាន។ ខ្ញុំចង់ជម្រាបផងដែរថា នៅក្នុងអង្គប្រជុំម៉េចបានជាឈានទៅដល់ ថៃដកខ្លួនចេញពីអនុសញ្ញា ទាត់ចោលអនុសញ្ញា ហើយដើរចេញពីអង្គប្រជុំ ដែលជាព្រឹត្តិការណ៍មួយមិនដែលមានទេនៅលើឆាកអន្តរជាតិនៅក្នុងការប្រជុំក្នុងពិភពលោកធំៗ។ មូលហេតុអី? មូលហេតុទី១ ចំណុចមួយធំដែលថៃចង់បាន គឺបិទបាំងឧក្រិដ្ឋកម្មរបស់ខ្លូន ដែលបានធ្វើមកលើប្រាសាទព្រះវិហារ ថៃបិទបាំងនៅលើគ្រប់វេទិការទាំងអស់ ហើយយើងកាន់តែយល់មូលហេតុអ្វីបានជាថៃនិយាយាពីការប្រជុំទ្វេភាគី ការប្រជុំទ្វេភាគី ពីព្រោះថៃចង់បិទបាំងការពិត បិទបាំងឧក្រិដ្ឋកម្មដែលខ្លួនបានធ្វើចំពោះប្រាសាទ ចំពោះបេតិកភណ្ឌពិភពលោក ចំពោះសាសនានៅវត្តកែវសិក្ខាគីរីស្វារៈរបស់យើងនេះ កុំឲ្យនរណាដឹង ។ ទី២គឺចង់ទប់ស្កាត់កុំឲ្យមានអ្នកជំនាញការអន្តរជាតិ កុំឲ្យគណៈកម្មការបេតិកភណ្ឌពិភពលោកបញ្ជូនអ្នកជំនាញការ ដែលអ្នកជំនាញការកម្រិតពិភពលោក ទៅមើលប្រាសាទព្រះវិហារ យើងតាំងពីមុនមកថៃគំរាមកំហែងថា កុំឲ្យមក តែមកប្រយ័ត្នបញ្ហាធ្ងន់ធ្ងរ គេចង់និយាយប្រាប់ថា បើអ្នកឯងមកខ្ញុំបាញ់ អញ្ចឹងហើយមិនមែនប្រឆាំងតែទ័ពទេ ប្រឆាំងទៅដល់អ្នកវប្បធម៌ ប្រឆាំងទៅដល់អ្នកបេតិកភណ្ឌទៅទៀត។ អញ្ចឹងខ្លួនប្រព្រឹត្តិឧក្រិដ្ឋកម្មហើយខ្លាចគេមកឃើញ គេស្រែក អញ្ចឹងខំទប់ទៅ មិនទប់តែអ្នកសង្កេតការណ៍ឥណ្ឌូនេស៊ីទេ ទប់ដល់អ្នកជំនាញការវប្បធម៌ បេតិកភណ្ឌថែមទៀត។ ចង់បានអីមួយទៀត ថៃគេថាក្រោយពីបានវាយឈ្លានពានលើកម្ពុជាយើងហើយ អញ្ចឹងថៃបានបាញ់មកលើប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃបានបាញ់មកលើវត្តកែវសិក្ខាគីរីស្វារៈ ដែលជាឧក្រិដ្ឋកម្មប្រឆាំងវប្បធម៌ ដែលជាឧក្រិដ្ឋកម្មប្រឆាំងសាសនាហើយ ថៃបានធ្វើការឈ្លានពានដោយយោធា ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងសាសនា ប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងវប្បធម៌ ហើយខ្លួនទប់ស្កាត់មិនឲ្យអ្នកជំនាញការបរទេស អ្នកជំនាញការរបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ទៅប្រាសាទព្រះវិហារទៀត ហើយចង់បំផ្លាញផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់កម្ពុជាយើងទៀត។ អញ្ចឹងយើងបានខិតខំណាស់ទម្រាំធ្វើផែនការគ្រប់គ្រងនេះបាន សុទ្ធតែអ្នកជំនាញការធំមកធ្វើ ហើយអ្នកជំនាញការជាន់ខ្ពស់របស់យើងសហការ យើងបានផលិតផែនការគ្រប់គ្រងទាំងមូល ដែលកាលនៅប្រទេសកេនយ៉ា ខាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក គេវាយតម្លៃថាល្អណាស់ គឺជាមូលដ្ឋានយ៉ាងល្អសម្រាប់អាជ្ញាធរព្រះវិហារយកមកពង្រីកឲ្យទៅជា គោលនយោបាយរបស់ខ្លួនសម្រាប់អភិរក្សប្រាសាទផង និងសម្រាប់អភិវឌ្ឍន៍ឲ្យមានចីរភាពផង។ អញ្ចឹងចង់បំផ្លាញផែនការគ្រប់គ្រងហ្នឹង អញ្ចឹងខ្លួនចង់ហ្នឹងវាចង់ហួសហេតុពេក ដូចខ្ញុំជម្រាបមិញអញ្ចឹង ទី១ បិទបាំងឧក្រិដ្ឋកម្មរបស់ខ្លួនកុំឲ្យអ្នកណានិយាយដល់ កុំឲ្យអ្នកណាគេឃើញ ទី២ ទប់ស្កាត់អ្នកជំនាញការ ការងារវប្បធម៌ ការងារបេតិកភណ្ឌ ទី៣ ខ្លូនចង់បំផ្លាញផែនការគ្រប់គ្រងរបស់កម្ពុជាយើងដែលយូណេស្កូគេទទួលស្គាល់ហើយ ខាងមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកគេបានទទួលស្គាល់ គេវាយតម្លៃថាល្អហើយ រួចថៃនៅតែចចេសថា អត់ទទួលទេ ដល់គេសួរថា អត់ទទួលរឿងអី ពន្យល់មិនកើត ថាផែនការចូលដីថៃ ការពិតអត់មានចូលអីសោះ។ អញ្ចឹងថៃចង់បានទៀតចង់បានរឿងធំ៣ ប៉ុន្តែថៃអត់មានទឡ្ហីករណ៍បច្ចេកទេសឲ្យគេជឿបានទេ ថៃប្រើអី ទី១ ថៃប្រើការភូតភរ ថាប្រាសាទព្រះវិហារអត់មានខូចអីផង មានខូចខាតបន្តិចបន្តួចមកពីខ្មែរវាយគ្នាឯងតើ មកពីខ្មែរប្រយុទ្ធជាមួយខ្មែរក្រហមតាំងពីសម័យមុន។ គាត់ចោទយើងទៀត គាត់ចោទថាកម្ពុជាទៅចោទប្រកាន់គាត់ខុស មានការខូចខាតតិចតួចហ្នឹងខ្មែរវាយគ្នាតាំងពីជាមួយហ្វ៊ុនស៊ីនប៊ិច ជាមួយខ្មែរក្រហមខូចខាត ហើយបើថាថៃធ្វើខូច អញ្ចឹងមធ្យោបាយគាត់គឺប្រើបា្រស់ការភូតភរ ប្រើប្រាស់ការបោកប្រាស់មតិសាធារណៈ។ ខ្ញុំតែងបាននិយាយប្រាប់គណៈប្រតិភូដ៏ទៃថាអាហ្នឹងដូចយកដៃទៅបាំងព្រះអាទិត្យអញ្ចឹងវាមិនជិតទេ អញ្ចឹងមូលហេតុចង់បានទាំងបីហ្នឹង អត់បានទាំងអស់ គ្មានអ្នកណាគាំទ្រទាំងអស់ រួចទៅខឹងពេកប្រកាសមិនដឹងធ្វើម៉េច ប្រកាសទាត់ចោលអនុសញ្ញា ហើយដើរចេញ។
លោក សោម ឆាយ៉ា
សំណួរ៖ កន្លែងហ្នឹងសូមឯកឧត្តមជួយពន្យល់ប្រិយមិត្តយើងបន្តិចថា តើវាមានប៉ះពាល់អ្វីខ្លះទៅនឹងនីតិវិធីរបស់អង្គការយូណេស្កូ ពីអនុសញ្ញាឆ្នាំ១៩៧២ ស្តីពីការលាលែង ឬក៏ដើរចេញរបៀបថៃនេះឯកឧត្តម?
ឯកឧត្តមបណ្ឌិត សុខ អាន
ចម្លើយ៖ នេះជាសំណួរល្អណាស់ ដូច្នេះខ្ញុំចង់បញ្ចាក់ឲ្យច្បាស់ថា អ្នកដែលនិយាយថា ដោយសារខ្លួនបានដកពីអនុសញ្ញា១៩៧២ ហ្នឹងហើយ សេចក្តីសម្រេចរបស់គណៈកម្មាធិការកាលពីថ្ងៃម្សិលមិញហ្នឹង វាអត់មានឥទ្ធិពលមកលើថៃទេ គឺមិនមែនដូច្នោះទេ នេះជាការនិយាយខុសឆ្គងហើយ គឺអ្នកនិយាយគឺមិនបានយល់អំពីនីតិវិធីបែបបទច្បាស់លាស់ដែលមាននៅក្នុងអនុសញ្ញាឆ្នាំ១៩៧២ ទេ ។ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត បើចង់ឲ្យការលាលែងមានប្រសិទ្ធភាព និងមានឥទ្ធិពលច្បាប់ ត្រូវសរសេរជាលាយលក្ខណ៍អក្សរមកស្នើប្រធានគណៈកម្មាធិការ ឬ អគ្គនាយកអង្គការយូណេស្កូ អំពីការសុំលាលែង ដល់ពេលបានការឯកភាពហើយ ១២ខែក្រោយនោះទើបការលាលែងនេះចូលជាធរមាននេះជាការពិត។
លោក សោម ឆាយ៉ា
ឯកឧត្តម ខ្ញុំចង់ដឹងពីជំហររបស់ខាងយូណេស្កូ ដោយសារថាថៃគេដឹងថាមានការគាំទ្រតិចសម្រាប់ពួកគេ ហើយកម្ពុជាយើងមានការគាំទ្រច្រើនពីសមាជិកចំនួន២០ប្រទេស ដកកម្ពុជាយើងចេញ ១៩ប្រទេសបើដកថៃទៀត ក្នុងនោះប្រការដែលធ្វើឲ្យថៃអាម៉ាស់របៀបហ្នឹងមកពីមូលហេតុអ្វីដែរឯកឧត្តម?
ឯកឧត្តមបណ្ឌិត សុខ អាន
ចម្លើយ៖ ខ្ញុំសូមបញ្ជាក់ម្តងទៀតមិញជាគោលចំណុចធំ នៃការតស៊ូគ្នានោះគឺមាន ៣ ចំណុច។
ចំណុចទី១ គឺថាថៃចង់លាក់លៀមការពិត ចង់លាក់លៀមអំពីឧក្រិដ្ឋកម្មរបស់ខ្លួន ដែលបានបំផ្លាញវត្តកែវសិក្ខាគីរីស្វារៈរបស់យើង និងបំផ្លាញប្រាសាទរបស់យើង អញ្ចឹងខ្លួនចង់លាក់បាំង។ ចំណែកកម្ពុជាយើងចង់ជម្រាបជូនគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលមានដល់ទៅ ១៨៦ ប្រទេសដែលចូលរួមប្រជុំគឺមនុស្សច្រើនណាស់ មានទាំងអង្គការ ២៦ អង្គការ ហើយគេចង់ថ្កោលទោសថៃ ថាប្រាសាទយើងខូច ហើយការខូចខាតនេះគឺដោយសារថៃបាញ់កាំភ្លើងធំចំនួន ៤១៤ គ្រាប់ប្រឆាំងប្រាសាទរបស់យើង។
អញ្ចឹងនេះជាចំណុចទី១ គឺជាចំណុចដែលត្រូវធ្វើការតស៊ូគ្នា។ចំណុចទី២ គឺបញ្ហាថៃចង់សរសេរសេចក្តីសម្រេចហ្នឹងយ៉ាងម៉េចទប់ស្កាត់មិនឲ្យគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកបញ្ជូនអ្នកជំនាញការទៅដល់ប្រាសាទ។ឯយើង យើងចង់សរសេរយ៉ាងម៉េចដើម្បីឲ្យមានចំណុចបញ្ជាក់ថាគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកមានភារៈកិច្ចត្រូវបញ្ជូនក្រុមជំនាញទៅដល់ប្រាសាទភ្លាម។ អញ្ចឹងនេះជាចំណុចតស៊ូគ្នា។ចំណុចទី៣ នេះជាចំណុចសំខាន់ណាស់ នៅប្រេស៊ីលគេបានសម្រេចហើយថា ផែនការគ្រប់គ្រងប្រាសាទព្រះវិហាររបស់យើងគឺបានសរសេរបញ្ជាក់ថា គឺត្រូវចូលជាធរមាន និងបញ្ចប់ការប្រឆាំងរបស់ថៃនៅពេលហ្នឹងហើយ ហើយខាងផ្នែកគណៈកម្មការគេទទួលស្គាល់ ឯថៃគាត់ទាមទារថាអត់ទេ គឺគាត់ចង់បំផ្លាញផែនការគ្រប់គ្រងប្រាសាទព្រះវិហារសម្រាប់ឆ្នាំនេះ គឺត្រូវលើក ហើយត្រូវសរសេរឲ្យច្បាស់ដាក់ថានឹងត្រូវពិនិត្យនៅឆ្នាំ២០១២ សម្រាប់ការប្រជុំលើកទី៣៦ឯណោះទេ។អញ្ចឹងលោក ឆាយ៉ា ឃើញហើយថាអ្វីដែលយើងតទល់គ្នាក្រោយពីយើងបានធ្វើការតស៊ូយ៉ាងតានតឹង ពីព្រោះយើងបានចាប់ផ្តើមតាំងពីខែមុនមកម្លេះ គឺនៅពេលដែលលោកជំទាវអគ្គនាយកបានអញ្ជើញកម្ពុជា និងថៃមកនោះ ដែលយើងបានប្រជុំ៣ថ្ងៃគឺថ្ងៃទី២៥-២៦-២៧ ខែមុននេះ។តាមរយៈការប្រជុំគ្នានោះគឺយើងបានយកពង្រៀងសេចក្តីថ្លែងការណ៍នោះមកជជែកគ្នាហើយ ហើយទាស់គ្នារឿងចំណុចធំ៣ ហើយពេលនោះលោកជំទាវអគ្គនាយកបានខិតខំឲ្យពិភាក្សាដើម្បីធ្វើម៉េចឲ្យបានខិតជិតគ្នា ពីព្រោះថាជំហររបស់ យូណេស្កូ ជំហររបស់គណៈកម្មការបេតិកភ័ណ្ឌពិភពលោក គឺមិនមែនជាកន្លែងដែលគេត្រូវថ្កោលទោស មិនមែនជាកន្លែងដែលគេត្រូវទិតៀន ឬជាកន្លែងដែលត្រូវជេរគ្នាទេ តែជាកន្លែងដែលគេធ្វើយ៉ាងម៉េចឲ្យប្រទេសនីមួយៗធ្វើសហប្រតិបត្តិការគ្នាល្អ។អញ្ចឹងគេខំឲ្យយើងហ្នឹងខិតខំរកនូវពាក្យដែលដូចគ្នា។អញ្ចឹងតាំងពីរយៈពេលពីថ្ងៃទី១៩មក គឺការចរចារនេះលោកជំទាវ គឺលោកមានការដូររូបភាព ម្តងនេះលោកអត់ប្រជុំដូចមុនទេ គឺលោកសុំចាត់តាំងអ្នកពូកែម្នាក់ដែលជាអគ្គនាយកនៅស្ថាប័នមួយឈ្មោះ អ៊ីក្រម ( ICROM ) គឺជាស្ថាប័នជំនាញខាងបុរាណវិទ្យា ដែលមានទីតាំងនៅទីក្រុង រ៉ូម ។គឺលោកជំទាវអគ្គនាយកបានអញ្ជើញ លោកអគ្គនាយកអ៊ីក្រម ថាឥឡូវខ្ញុំចាត់តាំងលោកជាតំណាងខ្ញុំ ក្នុងការជួបជាមួយកម្ពុជាម្តង ជួបជាមួយថៃម្តង។ក្នុងមួយថ្ងៃលោកអាចជួបជាមួយថៃពីរទៅបីដង ជួបជាមួយកម្ពុជាពីរទៅបីដង ធ្វើយ៉ាងម៉េចដើម្បីឲ្យឯកភាពគ្នាលើសេចក្តីសម្រេចបាន។ហើយលោកអគ្គនាយកលោកខិតខំសម្បើមណាស់ គឺលោកតំណាងរបស់លោកជំទាវអគ្គនាយកនោះ ហើយលោកតែងតែថ្ងូរថាជាមួយមិត្តថៃពិបាកពេកតែម្តង និយាយអ្វីក៏គាត់ជំទាស់ៗ អញ្ចឹងធ្វើម៉េចទើបត្រូវគ្នាបាន?។ចំណែកខាងកម្ពុជាបានបង្ហាញនូវភាពទន់ភ្លន់ អញ្ចឹងយើងអាចនិយាយបានថាគេគាំទ្រយើង គេមានសមានចិត្តលើយើង ដោយសារគេឃើញទី១ យើងជាអ្នករងគ្រោះ ទី២ យើងអត់ប្រកាន់ជំហរមួយ គឺយើងគោរពគោលការណ៍របស់គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក គោរពគោលការណ៍របស់យូណេស្កូ និងបង្ហាញនូវភាពទន់ភ្លន់រស់រវើកថាយើងបានទទួលសំណូមពរគេហើយ និងរៀបចំសរសេរថ្មីទៀតដើម្បីឲ្យស្របតាមសំណូមពរគេផង ស្របតាមផលប្រយោជន៍របស់យើងផង។អញ្ចឹងគេឃើញថាកម្ពុជាគឺទន់ភ្លន់រហូត លើកសំណើថ្មីរហូត។ចំណែកថៃគឺក្នុងរយៈពេល៤ថ្ងៃនេះគឺគាត់អត់មានសរសេរអ្វីថ្មី គឺគាត់សរសេរតែដដែលៗ ទាមទារតែចំណុចគូសដដែលៗឲ្យបាន និងអត់មាននិយាយអំពីរឿងប្រាសាទអ្វីទេ គឺគាត់គេចដោយថាកុំនិយាយរឿងប្រាសាទ និយាយតែពីរឿងដែលគាត់ចង់បានសិន។គេមើលទៅខ្លឹមសាររបស់ថៃគឺហាក់បីដូចជាមិនមែននិយាយអំពីរឿងសេចក្តីសម្រេចដែលនិយាយអំពីរឿងប្រាសាទ គឺអត់និយាយពីការថែររក្សាប្រាសាទសោះ ដូច្នេះគេពិបាកក្នុងការគាំទ្រគាត់។អញ្ចឹងហើយគាត់ឃើញថា ចំណុចទាំងបីរបស់គាត់គឺអត់បានទាំងបី រីឯកម្ពុជាដូចបានទាំងបី ដល់អញ្ចឹងគាត់អត់សប្បាយចិត្តទេ រហូតដល់ចុងក្រោយគាត់យកជំហរមួយគឺគាត់ប្រើប្រាស់ ការភូតភរកុហក ប្រើប្រាស់ការគម្រាមកំហែងជាមូលដ្ឋាន ហើយប្រើប្រាស់នយោបាយមកគៀបសង្កត់វប្បធម៌ មកគៀបសង្កត់បេតិកភ័ណ្ឌ ដូច្នេះគណៈកម្មការគេទទួលមិនបានទេ។ដល់ចុងក្រោយគាត់លើកឡើងថា គណៈកម្មាធិការបេតិកភ័ណ្ឌព្រមឬមិនព្រមតាមថៃ បើមិនព្រមថៃដើរចេញ( Yes or No ) បើ No ថៃដើរចេញហើយ។ការធ្វើរបៀបនេះគេទទួលមិនបានទេពីព្រោះប្រទេសថៃមិនអាចមានទម្ងន់រហូតដល់ធ្វើអញ្ចឹងកើតទេ។ គាត់ថាអ្វី ថាតែគាត់ទៅ ហើយគាត់បានធ្វើសម្ភាសន៍ទូរទស្សន៍នៅក្នុងកន្លែងទីស្នាក់ការ ដែលមានមនុស្សរបស់គាត់រហូតដល់ទៅ ៥២ នាក់ឯណោះ និងមានកាមេរ៉ាថតរហូតដល់៧ ហើយពេលដែលខ្ញុំជួបភ្ញៀវគាត់ថតខ្ញុំម្ខាងដល់ទៅ៣កាមេរ៉ា។នេះជាការដែលគេសម្លុតធ្វើឲ្យយើងបាក់អារម្មណ៍ ស្លុតអារម្មណ៍ ប៉ុន្តែនៅពេលដែលប្រើរបៀបនេះមកលើគេវាបែរទៅជាគ្មានប្រសិទ្ធិភាព វាបែរជាធ្វើឲ្យគេខឹង គេមិនចូលចិត្តទៅវិញ។នេះជាមូលហេតុទាំងអស់ដែលថៃប្រើ ដូចជាការគំរាមកំហែងថា អ្នកឯងព្រមឬមិនព្រម បើមិនព្រមខ្ញុំដើរចេញជាដើម និងកុហកថាប្រាសាទអត់មានខូចខាតអ្វីទេ ការខូចបន្តិចបន្តួចនោះគឺមកពីខ្មែរគាត់វៃគ្នាគាត់ទេ ហេតុអ្វីក៏មកចោទថៃថាគេខូច។ ការចោទបែបនេះ គឺត្រូវបានកម្ពុជាត្រៀមរួចអស់ហើយ យើងបានធ្វើ DVD ច្បាស់លាស់ យើងបានសម្ភាសន៍អានុព័ន្ធយោធាពីប្រទេសចំនួន១៣ សំខាន់ៗ ដែលគេបានអញ្ជើញទៅមើលការខូចខាតរបស់ប្រាសាទ និងបានសម្ភាសន៍អំពីរឿងប្រាសាទដែលបានខូច។នៅពេលចុងក្រោយនេះខាង ស៊ីម៉ាក់ ( CMAC ) យើងបានរៀបចំឲ្យអ្នកការទូត ន័រវែ អ្នកការទូត អូទ្រីស ទៅពិនិត្យមើល ហើយគេបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសថៃដែលបានប្រើប្រាស់គ្រាប់បែកចង្កោម ( Clusters Bombs ) ដោយគេបានចូលទៅមើលដោយផ្ទាល់ទៀតផង។ដូច្នេះគេឃើញគ្រាប់បែក គេឃើញអ្វីៗអស់ហើយ ។ចុងក្រោយគេបញ្ចាំងម្តងទៀត។អញ្ចឹងគេមើលឃើញថាខាងថៃខុស ។អញ្ចឹង DVD របស់យើងវាមានសព្វគ្រប់ រូបថតយើងមានសព្វគ្រប់ ដោយយើងបានបោះពុម្ពជាសៀវភៅនូវរូបដែលថៃបានបាញ់កំទេចវត្ថុបុរាណយើង និងការបាញ់កំទេចផ្សារយើង ខូចវត្តយើង ដោយយើងបានចែកអ្នកដែលចូលរួមស្ទើរតែគ្រប់គ្នា។យើងបានចែកគ្រប់គណៈប្រតិភូ នូវ DVD សៀវភៅ និងរូបថតនៃការខូចខាតគ្រប់ទាំងអស់។អញ្ចឹងដល់ថៃគេថា ខ្ញុំអត់ឃើញប្រាសាទព្រះវិហារខូចផងបែបនេះ វាជាការហួសហេតុ។មូលហេតុទាំងអស់នេះហើយដែលធ្វើឲ្យថៃអាម៉ាស់ ហើយចុងក្រោយគឺមានការភ្លាំងភ្លាត់មួយទៀត ទៅប្រកាសថ្កោលទោស ទិតៀនអនុសញ្ញាឆ្នាំ១៩៧២ ហើយប្រកាសដើរចេញ។ការប្រកាសដើរចេញនេះអាចមានផលវិបាក ទាំងខាងនយោបាយ ទាំងខាងវប្បធម៌ ទាំងខាងទេសចរណ៍ និងអ្វីៗទៀតច្រើនណាស់នៅពេលខាងមុខ។
លោក សោម ឆាយ៉ា
សំណួរ៖ ពីពេលនេះតទៅ តើអង្គការយូណេស្កូ និងគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក នឹងធ្វើអ្វីទៀតជាមួយនិងការងារផែនការអភិរក្ស ក៏ដូចជាអភិវឌ្ឍនៅតំបន់ប្រាសាទព្រះវិហាររបស់យើង ឯកឧត្តម?
ឯកឧត្តមបណ្ឌិត សុខ អាន
ចម្លើយ៖ នេះគឺជាសំណួរដ៏ល្អមួយទៀត។ ក្រោយពីប្រទេសថៃបានដើរចេញ គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក គេបានបន្តធ្វើការប្រជុំធម្មតា ហើយគេបានសម្រេចពិនិត្យទៅលើសេចក្តីសម្រេចនោះ មួយចំណុចម្តងៗ ដែលគេបានគ្រោងនោះគឺមាន៧ចំណុច ដោយគេពិនិត្យចំណុចទី១ ចំណុចទី២ ចំណុចទី៣ ហើយគេអនុមត្តិម្តងមួយៗ រហូតដល់ចំណុចទី៦ គឺក្នុងគម្រោងដើមរបស់យូណេស្កូដាក់ឲ្យគណៈកម្មាធិការបេតិកភ័ណ្ឌនោះគេដាក់ថា កម្ពុជាស្នើ ថៃស្នើ។ តើថៃស្នើអ្វី? គឺស្នើកុំឲ្យពិនិត្យផែនការគ្រប់គ្រងប្រាសាទ។ត្រង់ចំណុចនេះថៃគេថាមិនមានការឯកភាពគ្នា អញ្ចឹង គឺត្រូវដកចំណុចហ្នឹងចោលតែម្តងទៅ។ដូច្នេះសំណើរបស់ថៃនេះគឺគេដកចោលបាត់ទៅហើយ។ អញ្ចឹងគេបានសម្រេចទៅលើសេចក្តីសម្រេចមួយដែលមាន៦ចំណុច ដែលកាលពីមុនមាន៧ចំណុច។ដូច្នេះគេដកចំណុចទី៦ចេញ បានន័យថាដកសំណើរបស់ថៃដែលស្នើឲ្យពន្យារផែនការគ្រប់គ្រងប្រាសាទព្រះវិហារទៅឆ្នាំក្រោយនោះ។អញ្ចឹង៦ចំណុចនោះគេបានអនុមត្តិហើយ ។
នៅក្នុង៦ចំណុចនោះតើមានអ្វីខ្លះ? ទី១គឺគណៈកម្មការនឹងបញ្ជូនក្រុមអ្នកជំនាញដើម្បីទៅពិនិត្យស្ថានភាព នៃការអភិរក្សប្រាសាទ និងការជួសជុលប្រាសាទក្នុងពេលឆាប់ៗ។នេះជាចំណុចសំខាន់ណាស់ គឺជាចំណុចដែលយើងចង់បាន ហើយដែលមតិគណៈកម្មការក៏គេយល់ឃើញថាត្រូវធ្វើអញ្ចឹងដូចយើងដែរ ពីព្រោះនេះជាភារៈកិច្ច ជាតួនាទីរបស់គណៈកម្មការ។ចំណុចសំខាន់មួយទៀតគឺគេបានដកសំណើថៃចោល អំពីសំណើពន្យារផែនការគ្រប់គ្រងប្រាសាទនោះ។ គេក៏បានទទួលស្គាល់នៅចំណុចទីមួយថាជាចំណុចសំខាន់ណាស់គឺគណៈកម្មការបានរំលឹកឡើងវិញពីឯកសារផ្សេងៗ ដែលគណៈកម្មការបានអនុមត្តិពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។ ក្នុងនោះក៏មានសេចក្តីសម្រេចឆ្នាំ២០១០ កន្លងមក នៅប្រេស៊ីលីយ៉ា មានន័យថាផែនការគ្រប់គ្រងប្រាសាទរបស់យើងគឺគេទទួលស្គាល់ហើយ គឺអត់មានបញ្ហាអ្វីតទៅទៀតទេ។ អញ្ចឹង រឿងធំៗទាំងអស់នេះគឺយើងត្រឡប់ទៅស្រុកវិញដោយមានសេចក្តីសម្រេចមួយដែលមានលក្ខណៈយ៉ាងសត្យានុមតិ ផ្អែកលើគោលការណ៍ទាំងស្រុងនៃអនុសញ្ញា ផ្អែកលើគោលការណ៍ទាំងស្រុងនៃគណៈកម្មាធិការ ព្រោះគណៈកម្មាធិការនៅក្នុងអង្គប្រជុំពេញអង្គមិនងាយអនុមត្តិអ្វីដែលខុសពីគោលការណ៍នោះទេ។ ដូច្នេះគណៈកម្មាធិការបានអនុមត្តិអស់ហើយដែលក្នុងនោះមាន៦ចំណុច ហើយមានចំណុចសំខាន់ពីរដូចខ្ញុំបានជម្រាបលោក ឆាយ៉ា អញ្ចឹង។សួរថាតើគណៈកម្មការគេនឹងធ្វើអ្វីទៀត? បើតាមខ្លឹមសារនៃសេចក្តីសម្រេចនេះ គឺគេបានបញ្ចូលសេចក្តីសម្រេចលើកទី៣៤មកជាការរំលឹកឡើងវិញច្បាស់ហើយ ដែលក្នុងនោះមានផែនការគ្រប់គ្រងប្រាសាទ និងទី២ គេបានបញ្ជាក់ហើយថាគេទទួលស្គាល់ និងមានការចាំបាច់ណាស់ក្នុងការពិនិត្យស្ថានភាពនៃការអភិរក្ស និងការស្តារ និងជួសជុលប្រាសាទព្រះវិហាររបស់យើង។
លោក សោម ឆាយ៉ា
អរគុណចំពោះឯកឧត្តមដែលបានផ្តល់នូវកិច្ចសម្ភាសន៍នេះ ហើយសង្ឃឹមថានៅពេលដែលឯកឧត្តមអញ្ជើញមកវិញនឹងផ្តល់នូវកិច្ចសម្ភាសន៍បន្ថែម ស្តីអំពីសមិទ្ធផល ក៏ដូចជាលទ្ធផលនៃកិច្ចប្រជុំលើកទី៣៥របស់គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកនៅឯទីក្រុបារីស៕
Nokor Khmer offers unique overview of news across Cambodia, ASEAN, and certain perspectives. The unique way of getting closer to screening news headlines across the globe.
FOX News : Health
Subscribe to:
Post Comments (Atom)
សារព័ត៌មានអន្តរជាតិInternational News
No comments:
Post a Comment