FOX News : Health

16 June, 2011

កម្ពុជា​បញ្ជូន​ទ័ព​ទៅ​ចូល​រួម​លំហាត់​សម​យុទ្ធ​យោធា​នៅ​ថៃ

កម្ពុជា​បញ្ជូន​ទ័ព​ទៅ​ចូល​រួម​លំហាត់​សម​យុទ្ធ​យោធា​នៅ​ថៃ
Radio Free Asia
ដោយ សុខ សេរី
2011-06-16

ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១១ បាន​សម្រេច​បញ្ជូន​កងទ័ព​ចំនួន​សរុប ៤៧​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៦​នាក់ ទៅ​ចូល​រួម​ក្នុង​លំហាត់​យោធា​ពហុ​សាសន៍​នៅ​ក្នុង​ប្រទេស​ថៃ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៩ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១១។


លំហាត់​យោធា​នេះ​មាន​ឈ្មោះ ខាប់ស្តូន អាយ៉ារ៉ា ហ្គាឌៀន (Capstone Ayara Guardian) ដែល​មាន​កងទ័ព​ពហុ​ជាតិ​មក​ពី​ប្រទេស​ចំនួន ១៤ ចូល​រួម​មាន​ដូច​ជា​ប្រទេស​កម្ពុជា ឥណ្ឌូណេស៊ី សហរដ្ឋ​អាមេរិក ប្រទេស​វៀតណាម ប្រទេស​សិង្ហបុរី និង​ប្រទេស​ជា​ច្រើន​ទៀត រៀបចំ​ដោយ​សហរដ្ឋ​អាមេរិក សហការ​ជាមួយ​ប្រទេស​ថៃ។ 

រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ប្រាក់ សុខុន និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​សម្របសម្រួល​កិច្ច​ការងារ​បញ្ជូន​កង​កម្លាំង​ចូល​រួម​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ជូន​ដំណើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថា ៖ «ទោះ​បី​ជា​ប្រទេស​កម្ពុជា និង​ថៃ កំពុង​តែ​មាន​ការ​រកាំរកូស​ជាមួយ​គ្នា​ក៏ដោយ ប៉ុន្តែ​ការ​បញ្ជូន​នេះ​គឺ​បង្ហាញ​ថា កម្ពុជា​នៅ​តែ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ប្រទេស​ជិត​ខាង គឺ​មិន​ឲ្យ​ទំនាស់​នេះ​រីក​រាលដាល​ទៅ​វិស័យ​ផ្សេងៗ​ទៀត»។

ប្រធាន​ក្រុម​ហ្វឹកហ្វឺន​នៃ​នាយកដ្ឋាន​ផែនការ​ប្រតិបត្តិការ​ការងារ​ហ្វឹកហ្វឺន លោក​ឧត្ដមសេនីយ៍​ត្រី តាំង ច័ន្ទពន្លឺ បាន​មាន​ប្រសាសន៍​ថា ការ​បញ្ជូន​នេះ​គឺ​ដើម្បី​រៀន​សូត្រ​ពី​បទពិសោធន៍ ៖ «យើង​ចូល​រួម​នៅ​ក្នុង​ក្របខ័ណ្ឌ​លំហាត់​ហ្វឹកហ្វឺន​ពហុ​សាសន៍។ កាល​ដែល​យើង​មាន​ជម្លោះ​ពី​ឆ្នាំ​ទៅ ក៏​យើង​បាន​អញ្ជើញ​ភាគី​ថៃ មក​ចូល​រួម​ដែរ ហើយ​នេះ​ជា​ការ​ឆ្លើយ​តប​ទៅ​ភាគី​ថៃ​វិញ គឺ​អត់​មាន​ពាក់ព័ន្ធ​ទៅ​អ្វី​នឹង​ជម្លោះ​ទេ គឺ​យើង​ទៅ​ធ្វើ​លំហាត់​រក្សាសន្តិភាព»។

កងកម្លាំង​យោធា​កម្ពុជា​ម្នាក់​នៅ​ក្នុង​ចំណោម ៤៧​នាក់ ឈ្មោះ ចាប ចន្ធី អាយុ ២៨​ឆ្នាំ មក​ពី​មជ្ឈមណ្ឌល​ជាតិ​កម្លាំង​រក្សា​សន្តិភាព​បាន​ថ្លែង​ថា នាង​រីករាយ​ក្នុង​ការ​ចូល​រួម​នោះ ៖ «ក្នុង​ចិត្ត​គិត​សង្ឃឹម​ថា នឹង​ដណ្ដើម​យក​ជោគជ័យ​ឲ្យ​បាន​ក្នុង​ការ​ចូល​រួម​សម​យុទ្ធ​នៅ​ប្រទេស​ថៃ»។

គេ​បាន​កត់​សម្គាល់​ថា នេះ​ជា​លើក​ទី​៥​ហើយ​ដែល​ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​បញ្ជូន​កងទ័ព​កម្ពុជា ទៅ​ចូល​រួម​ហ្វឹកហាត់​នៅ​បរទេស​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក។ លើក​ទី​១ នៅ​ប្រទេស​ម៉ុងហ្គោលី លើក​ទី​២ នៅ​ប្រទេស​បង់ក្លាដេស លើក​ទី​៣ នៅ​ប្រទេស​ឥណ្ឌូណេស៊ី លើក​ទី​៤ នៅ​ប្រទេស​ម៉ុងហ្គោលី និង​លើក​ទី​៥ នៅ​ប្រទេស​ថៃ។

ការ​បញ្ជូន​នេះ​គឺ​ក្រោយ​ពី​កងទ័ព​កម្ពុជា ចំនួន​ជាង ១.០០០​នាក់ ដែល​បាន​ហ្វឹកហាត់​បាញ់​គ្រាប់​ពិត​តាំង​ពី​ខែ​ឧសភា កន្លង​មក​នៅ​ខេត្ត​កំពង់ស្ពឺ​នោះ បាន​បិទ​បញ្ចប់​ជា​ផ្លូវការ​ហើយ​នៅ​ថ្ងៃ​ទី​១៦ ខែ​មិថុនា ឆ្នាំ​២០១១ ក្រោម​អធិបតី​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ បាញ់ ជា​ឧបនាយករដ្ឋមន្ត្រី៕

.

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde