FOX News : Health

25 April, 2011

Why Doesn't ASEAN Leader Come to Cambodia? (in Khmer)

ហេតុអ្វី​ប្រធាន​អាស៊ាន​មិន​មក​កម្ពុជា?
Radio Free Asia
ដោយ ទីន ហ្សាការីយ៉ា
2011-04-25
URL:http://www.rfa.org/khmer/indepth/asean_leader_dont_come-04252011071558.html

គម្រោង​ទស្សនកិច្ច​របស់​ប្រធាន​អាស៊ាន លោក មាទី ណាតាឡេ ហ្គាវ៉ា (Marty Natalegawa) មក​កម្ពុជា ត្រូវ​បាន​ពន្យារ​ពេល​វិញ​ហើយ នៅ​ខណៈ​ដែល​កង​ទ័ព​ខ្មែរ-ថៃ កំពុង​តែ​បន្ត​ការ​វាយ​ប្រហារ​គ្នា។

ប្រធាន​សមាគម​អាស៊ាន និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ឥណ្ឌូណេស៊ី បាន​ពន្យារ​ពេល​អញ្ជើញ​មក​កម្ពុជា​គ្មាន​ពេល​កំណត់ និង​គ្មាន​មូលហេតុ​ច្បាស់​លាស់ ដើម្បី​ចុះ​ហត្ថ​លេខា​លើ​លក្ខខ័ណ្ឌ​ប្រតិបត្តិ​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​នៅ​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ-ថៃ។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ខ្មែរ លោក កុយ គួង បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេសា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ទទួល​លិខិត​ពន្យារ​ពេល​ពី​លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា (Marty Natalegawa) ដោយ​មិន​បាន​បញ្ជាក់​អំពី​មូលហេតុ ហើយ​ក៏​មិន​បាន​បញ្ជាក់​អំពី​កាល​បរិច្ឆេទ​ជា​ថ្មី ថា​នៅ​ថ្ងៃ​ណា លោក​នឹង​កំណត់​ពេល​មក​ប្រទេស​កម្ពុជា​ទេ។
ការ​ពន្យារ​ពេល​របស់​ប្រធាន​អាស៊ាន លោក ម៉ាទី ណាតា​ឡេហ្គាវ៉ា ត្រូវ​បាន​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ពន្យល់​ថា នៅ​ក្នុង​កាលៈទេសៈ​ដែល​ទាហាន​ទាំ​ពីរ​កំពុង​តែ​ប្រយុទ្ធ​គ្នា នៅ​ឯ​សមរភូមិ ហើយ​ប្រធាន​អាស៊ាន​បាន​ពន្យារ​ពេល​ទៅ​វិញ​នេះ វា​បង្ហាញ​កាន់​តែ​ច្បាស់​ថែម​ទៀត​ថា អាស៊ាន​មិន​មាន​អំណាច​អ្វី​ដើម្បី​ឲ្យ​ថៃ​បញ្ឈប់​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍​បាន​នោះ​ឡើយ។
ប្រធាន​មជ្ឈ​មណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង បាន​អធិប្បាយ​ថា ភាគី​ថៃ​ក៏​មាន​តួនាទី​ធំ​នៅ​ក្នុង​សមាគម​អាស៊ាន​ដែរ ថៃ​គឺ​ជា​អគ្គ​លេខាធិការ​អាស៊ាន ដូច្នេះ​គេ​មិន​សង្ឃឹម​ថា ប្រធាន​អាស៊ាន​មាន​ឯករាជ្យ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ជម្លោះ​ខ្មែរ-ថៃ​នេះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​សង្កេត​ឃើញ​ថា លោក មាទី ណាតា​ឡេហ្គាវ៉ា ក៏​បាន​ខិត​ខំ​ដើម្បី​ស្វែង​រក​ច្រក​មួយ​ដោះ​ស្រាយ​បញ្ចប់​ជម្លោះ​ខ្មែរ-ថៃ​នេះ​ដែរ ពី​ព្រោះ​កាល​ពី​ថ្ងៃ​ទី​២៣ មេសា លោក​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ឆ្លើយ​តប​ទៅ​នឹង​លិខិត​ស្នើ​សុំ​អន្តរាគមន៍​របស់​លោក ហោ ណាំហុង កាល​ពី​ថ្ងៃ​ទី​២២ មេសា នេះ។

ក្នុង​លិខិត​នោះ បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ដើម្បី​ជៀស​វាង​កុំ​ឲ្យ​ប៉ះ​ទង្គិច​ផ្ទុះ​អាវុធ​ជា​ថ្មី​ម្ដង​ទៀត លក្ខខ័ណ្ឌ​ប្រតិបត្តិ​ដាក់​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​នៅ​ខ្សែ​បន្ទាត់​ព្រំដែន ត្រូវ​តែ​បន្ត​ធ្វើ​ការ​ចរចា​ពី​បញ្ហា​ព្រំដែន​ខ្មែរ​ដោយ​មាន​ការ​ចូល​រួម​ពី​ប្រធាន​អាស៊ាន និង​ប្រធាន​អាស៊ាន​បាន​ជួន​ដំណឹង​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ខ្មែរ-ថៃ ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អាស៊ាន​រួច​ហើយ ដើម្បី​ឲ្យ​មាន​វិធានការ​សម​សម្រប។

ស្រប​ពេល​ជា​មួយ​គ្នា កាល​ពី​ថ្ងៃ​ទី​២៤ មេសា អគ្គ​លេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ លោក បាន គីមួន (Ban Ki-moon) ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា-ថៃ បញ្ឈប់​ធ្វើ​សង្គ្រាម​និង​គ្នា​ជា​បន្ទាន់ ហើយ​អំពាវនាវ​ឲ្យ​ភាគី​ទាំង​ពីរ​ដោះ​ស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី និង​ឲ្យ​មាន​ប្រសិទ្ធភាព​វិញ។ ផ្ទុយ​ទៅ​វិញ ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​ទាំង​ពីរ​នៅ​តែ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២៥ មេសា នេះ​មិន​ទាន់​មាន​ការ​ឈប់​បាញ់​នោះ​ឡើយ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​នៅ​ថ្ងៃ​ទី​២៥ មេសា ថា​កង​ទ័ព​ខ្មែរ-ថៃ នៅ​តែ​ប៉ះ​ទង្គិច​គ្នា ហើយ​រហូត​មក​ទល់​ពេល​នេះ ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ស៊ីវិល​ខ្មែរ បាន​កើន​ឡើង​ដល់​ជាង​១​ម៉ឺន ៧​ពាន់​នាក់​ហើយ និង​ធ្វើ​ឲ្យ​សាលា​រៀន​មួយ​ខ្នង និង​ផ្ទះ ១០​ខ្នង​នៅ​ខ្សែ​បន្ទាត់​ព្រំដែន នៃ​ខែត្រ​ឧត្តរ​មាន​ជ័យ​នោះ។

ការ​ប្រយុទ្ធ​គ្នា​តាំង​ពី​ថ្ងៃ​ទី​២២ មេសា មក ភាគី​ខ្មែរ-ថៃ បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក អាភីស៊ិត វ៉េត​ចា​ជី​វ៉ាក់ (Abhisit Vejjajiva) បាន​ឲ្យ​កាសែត ឌឺ​ណេ​ហ្សិន (The Nation) របស់​ថៃ​ដឹង​ថា ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​បាន​ចាប់​ផ្ដើម​ឡើង​ដោយ​ភាគី​កម្ពុជា ដើម្បី​យក​ឱកាស​បាញ់​គ្នា​ធ្វើ​ជា​ការ​ចាប់​អារម្មណ៍​ពី​ឆាក​អន្តរ​ជាតិ ឲ្យ​មក​ចូល​ខ្លួន​ដោះ​ស្រាយ​តែ​ប៉ុណ្ណោះ ផ្ទុយ​ទៅ​វិញ ទ័ព​ថៃ​ចាំ​បាច់​ត្រូវ​តប​ត​វិញ​ដើម្បី​ការ​ពារ​ប្រជា​ពល​រដ្ឋ​របស់​ខ្លួន។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា លោក ស្រី ខារ៉ល រ៉ុដលី ( Caroll Rodly) បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​សារព័ត៌មាន​ក្នុង​ទិវា​ភព​ផែន​ដី​នៅ​ឯ​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី​នា​ថ្ងៃ​ទី​២៥ ខែ​មេសា ដោយ​ស្នើ​ឲ្យ​កម្ពុជា-ថៃ បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា​ជា​បន្ទាន់ ហើយ​ជួប​ចរចា​គ្នា​ដោយ​សន្តិ​វិធី​ឡើង​វិញ។
លោក កុយ គួង បាន​សាទរ​ចំពោះ​ការ​អំពាវនាវ​របស់​លោក​ស្រី ខារ៉ល រ៉ុដលី នេះ ដោយ​លោក​បញ្ជាក់​ថា កន្លង​មក​កម្ពុជា​ស្វាគមន៍​ចំពោះ​ការ​ចរចា​ដោយ​សន្តិវិធី ផ្ទុយ​ទៅ​វិញ ភាគី​ថៃ​ទេ​ដែល​ជា​អ្នក​បង្ក​បញ្ហា។

ផ្ទុយ​ទៅ​វិញ អ្នក​វិភាគ​នយោបាយ​បាន​បញ្ជាក់​ថា ថៃ​បាន​ប្រើ​កម្លាំង​ទ័ព​ជា​ថ្មី​វាយ​ប្រហារ​កម្ពុជា​នេះ ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​កម្ពុជា​ព្រម​តាម​សំណើ​របស់​ខ្លួន ចរចា​​ទ្វេភាគី ហើយ​បំភ្លេច​ចោល​ភាគី​ទី​បី ដែល​កម្ពុជា​រំពឹង​ថា​ នឹង​អាច​ដោះ​ស្រាយ​ជម្លោះ​នេះ​បាន​ប្រកប​ដោយ​យុត្តិធម៌។

អ្នក​វិភាគ​នយោបាយ លោក បណ្ឌិត សុខ ទូច បាន​បញ្ជាក់​ថា ថៃ​កំពុង​លេង​ល្បែង​នយោបាយ​ជា​មួយ​កម្ពុជា គ្មាន​ដាក់​ដើម​ទុន មាន​ន័យ​ថា ថៃ​បាន​យក​លេស​ថា តំបន់​ប្រាសាទ​ព្រះវិហារ​ជា​របស់​ថៃ ហើយ​សិន​គេ​ធ្វើ​ការ​ដោះ​ស្រាយ​ជា​មួយ​កម្ពុជា បើ​សិន​ជា​ថៃ​ចាញ់ គឺ​ថៃ​គ្មាន​ខាត​បង់​អ្វី​ទេ ផ្ទុយ​ទៅ​វិញ កម្ពុជា​ទេ​ដែល​ជា​អ្នក​ខាត​បង់។
ទាក់​ទង​ទៅ​នឹង​ការ​ពន្យារ​ពេល​របស់​ប្រធាន​អាស៊ាន​មក​កម្ពុជា​នេះ លោក ឈាង វណ្ណារិទ្ធិ នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហ​ប្រតិបត្តិការ និង​សន្តិភាព បាន​លើក​ឡើង​ថា នេះ​ជា​ការ​ឆ្លុះ​បញ្ចាំង​សា​ជា​ថ្មី​ម្ដង​ទៀត​ថា ថៃ​ប្រឆាំង​ទៅ​នឹង​ប្រធាន​អាស៊ាន ក្នុង​ការ​ទទួល​យក​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី។

កាសែត​បាងកក​ប៉ុស្តិ៍​របស់​ថៃ (Bangkok Post) នៅ​ថ្ងៃ​ទី​២៥ មេសា បាន​ស្រង់​សំដី​លោក កាស៊ិត ភិរម្យ (Kasit Piromya) រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ថៃ​បាន​មាន​ប្រសាសន៍​ថា លោក ម៉ាទី ណាតា​ឡេ​ហ្គាវ៉ា នឹង​អញ្ជើញ​ទៅ​ដល់​ទីក្រុង​បាងកក នៅ​ទី​២៥ មេសា នេះ ដើម្បី​ពិភាក្សា​អំពី​ស្ថានភាព​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ។ លោក កាស៊ិ ភិរម្យ នឹង​ជួប​លោក មាទី នៅ​ឯ​ប្រលានយន្តហោះ​នៅ​ម៉ោង ៧​យប់​នេះ។ បន្ទាប់​លោក មាទី នឹង​អញ្ជើញ​មក​កម្ពុជា ដើម្បី​ជួប​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ហោ ណាំហុង។
ប៉ុន្តែ​យ៉ាង​នេះ​ក្ដី រហូត​មក​ទល់​ល្ងាច​ថ្ងៃ​ច័ន្ទ ទី​២៥ មេសា ក្រសួង​ការ​បរទេស​ខ្មែរ​មិន​ទាន់​ទទួល​ដំណឹង​ពី​លោក ម៉ាទី ណាតា​ឡេ​ហ្គាវ៉ា អំពី​កាល​បរិច្ឆេទ​សា​ជា​ថ្មី​ថា​នឹង​អញ្ជើញ​មក​កម្ពុជា​នៅ​ពេល​ណា​នោះ​ទេ។


ក្រុម​អ្នក​វិភាគ​នយោបាយ​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ដល់​ជន​ភៀស​ខ្លួន​កម្ពុជា​ថា ពួក​គេ​នឹង​ប្រឈម​នឹង​ការ​លំបាក ព្រោះ​ថា សង្គ្រាម​រវាង​កម្ពុជា-ថៃ នឹង​មិន​អាច​បញ្ចប់​ទៅ​វិញ ឆាប់ៗ​នេះ​ទេ យ៉ាង​ហោច​ណាស់​ក៏​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​ដែរ ហើយ​ការ​បញ្ចប់​សង្គ្រាម​នេះ​បាន​លុះ​ត្រា​ណា​ស្ថាន​ការណ៍​នយោបាយ​ផ្ទៃ​ក្នុង​ថៃ​ស្ងប់​ស្ងាត់​ទៅ​វិញ ពី​ព្រោះ​ថា ស្ថានភាព​នយោបាយ​ថៃ​កំពុង​តែ​វឹកវរ​នា​ពេល​បច្ចុប្បន្ន។

នៅ​ថ្ងៃ​ទី ២៥ មេសា​នេះ រដ្ឋមន្ត្រី​សុខភាព​សាធារណៈ​ថៃ លោក ជុរីន ឡាក់សាណាវិស៊ីត (Jurin Laksanavisit) បាន​ប្រាប់​កាសែត​ថៃ​ឈ្មោះ បាង​កក​ប៉ុស្តិ៍ (Bangkok Post) ថា ទាហាន​ថៃ​ស្លាប់​ចំនួន ៥ នាក់ និង​របួស ២៨ នាក់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រយៈ​ពេល​បី​ថ្ងៃ។ មាន​សេចក្ដី​រាយការណ៍​ថា ទាហាន​កម្ពុជា​ស្លាប់​ចំនួន ៦ នាក់។


ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​វិភាគ​នយោបាយ​បាន​អំពាវនាវ​ឲ្យ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ក្នុង​តំបន់​អាស៊ាន ធ្វើ​ការ​កោះ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ធ្វើ​ឲ្យ​មាន​បទ​ឈប់​បាញ់​ជា​អចិន្ត្រៃយ៍ ហើយ​តម្រូវ​ឲ្យ​ភាគី​ថៃ-កម្ពុជា រក​ច្រក​ដោះ​ស្រាយ​ដោយ​សន្តិវិធី​វិញ ជៀសវាង​ធ្វើ​ឲ្យ​ស្លាប់​ទាហាន និង​ប្រជា​ពល​រដ្ឋ​ស៊ីវិល​នៃ​ប្រទេស​ទាំង​ពីរ​ជា​បន្ត​ទៀត៕

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde