RFA, Nov. 24, 2020
.
ភ្លុយតុង ថ្វីដ្បិតតែត្រូវបានគេផាត់ចេញលែងចាត់ទុកជាភព ក៏ប៉ុន្តែ មិនមែនមានន័យថា គេលែងចាប់អារម្មណ៍ចង់ដឹងយល់ អំពីភ្លុយតុងនេះនោះទេ។ តាមការពិតទៅ នៅឆ្នាំ២០០៦ ឆ្នាំតែមួយ ដែលគេបោះឆ្នោតបញ្ចុះតំណែងភ្លុយតុងពីភព ទៅជាកូនភព ទីភ្នាក់ងារណាសារបស់អាមេរិក ក៏បានបាញ់បង្ហោះយានគ្មានមនុស្សបើកមួយគ្រឿងផងដែរ គឺយានឈ្មោះ New Horizons ដើម្បីទៅសិក្សាលម្អិត អំពីភ្លុយតុង។
New Horizons គឺជាយានដែលមានទំហំតូច ត្រឹមប្រមាណពី ២ ទៅ ៣ម៉ែត្រ ហើយមានទម្ងន់ស្រាល ត្រឹមប្រមាណជា ៥០០គីឡូក្រាម ប៉ុន្តែ ភ្ជាប់ទៅដោយឧបករណ៍វិទ្យាសាស្ត្រទំនើបៗ ជាពិសេស គឺកាមេរ៉ាដែលអាចថតយករូបភាពយ៉ាងច្បាស់ និងលម្អិត អំពីសណ្ឋានដីរបស់ភ្លុយតុង។
New Horizons ត្រូវបានណាសាបាញ់បង្ហោះ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០០៦ ហើយនៅក្រោយពេលបាញ់បង្ហោះចេញផុតពីផែនដី New Horizons នេះ ធ្វើដំណើរក្នុងល្បឿនរហូតដល់ទៅជិត ៦ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង ពោលគឺជាយានដែលមានល្បឿនលឿនជាងគេបំផុត នៅក្នុងប្រវត្តិសាស្រ្។ ក៏ប៉ុន្តែ បើទោះបីជាក្នុងល្បឿនយ៉ាងលឿនបែបនេះក៏ដោយ New Horizons ត្រូវចំណាយពេលរហូតដល់ទៅ ៩ឆ្នាំឯណោះ ទើបអាចធ្វើដំណើរទៅដល់ភ្លុយតុង នៅឆ្នាំ២០១៥ ហើយនៅពេលទៅដល់នោះ New Horizons ក៏មិនមានថាមពលគ្រាប់គ្រាន់ ដើម្បីអាចបន្ថយល្បឿនហោះចូលក្នុងគន្លងតារាវិថី ឬចុះចតលើភ្លុយតុងបាននោះដែរ ដោយបានត្រឹមតែហោះកាត់ប៉ុណ្ណោះ។
.
No comments:
Post a Comment