Nokor Khmer offers unique overview of news across Cambodia, ASEAN, and certain perspectives. The unique way of getting closer to screening news headlines across the globe.
FOX News : Health
01 September, 2011
កម្មកររោងចក្រនៅខណ្ឌដង្កោជាង៥០នាក់ដួលសន្លប់
ដោយ អ៊ុក សាវបូរី
2011-09-01
កម្មករនៅរោងចក្រកាត់ដេរសម្លៀកបំពាក់ឈ្មោះ ហាត អ៊ីនធឺប្រាយ (Heart Enterprise) នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ជាង ៥០នាក់ បានដួលសន្លប់ក្នុងពេលកំពុងធ្វើការនៅថ្ងៃទី៣១ ខែសីហា។
RFA/Ouk Savborey
៣១-សីហា-២០១១៖ កម្មកររោងចក្រកាត់ដេរ ហាត អ៊ីនធឺប្រាយ (Heart Enterprise) ដែលដួលសន្លប់ សម្រាកព្យាបាលនៅមណ្ឌលសុខភាពបែកចាន។
រដ្ឋមន្ត្រីចំនួន ៤រូប ដែលធ្វើការពាក់ព័ន្ធជាមួយវិស័យឧស្សាហកម្មកាត់ដេរ ក្នុងព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃថា ការដួលសន្លប់របស់កម្មការិនី ៥១នាក់ នៃរោងចក្រ ហាត អ៊ីនធឺប្រាយ កាលពីព្រឹកថ្ងៃ៣១ ខែសីហា ជាការខ្វះអនាម័យ ខ្វះខ្យល់អាកាសគ្រប់គ្រាន់ និងកន្លែងធ្វើការចង្អៀត រួមទាំងដំបូលអគារទាប ទើបបណ្ដាលឲ្យមានកម្មការិនីដួលសន្លប់។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោក ស៊ុយ សែម មានប្រសាសន៍ថា ៖ «គំនរក្រណាត់យើងនេះវាដល់ដំបូលហើយៗ ដល់អ៊ីចឹងហើយវាបាំងខ្យល់អស់ហើយ ពួកហ្នឹងនៅហ្នឹងវាថប់ដង្ហើម»។
រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វង សូត បានយល់ស្របនឹងការលើកឡើងរបស់លោក ស៊ុយ សែម នោះ។
ការមានយោបល់របស់លោករដ្ឋមន្ត្រី ស៊ុយ សែម នេះ បន្ទាប់ពីម៉ោងជាង ៧ព្រឹកថ្ងៃពុធ ទី៣១ ខែសីហា មានកម្មការិនី ៥១នាក់ បានដួលសន្លប់បន្តបន្ទាប់ ក្រោយពីកម្មការិនីឈ្មោះ ឯម វណ្ណី អាយុ ២១ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បានស្រែកយំ និងប្រកាច់ ដែលថៅកែរោងចក្រអះអាងថា ត្រូវខ្មោចចូល។ រោងចក្របានសែនកាលពីម៉ោងអាហារថ្ងៃត្រង់ នៅថ្ងៃពុធ រួចហើយ និងមានគម្រោងនិមន្តព្រះសង្ឃសូត្រមន្ត។
ពេលថ្មីៗនេះមានកម្មការិនីច្រើនរយនាក់ក្នុងរោងចក្រកាត់ដេរ អ៊ឹម វ៉េ (M V)នៅខេត្តកំពង់ឆ្នាំង រោងចក្រកាត់ដេរ អេច្ឆ & អ៊ឹម (H & M) រោងចក្រកាត់ដេរ ជីម លី (Ghim ly) រោងចក្រកាត់ដេរ ហាត អ៊ីនធឺប្រាយ នៅក្នុងស្រុកអង្គស្នួល និងខណ្ឌដង្កោ បានដួលសន្លប់បន្តបន្ទាប់ ដែលនាំឲ្យមានការភ្ញាក់ផ្អើល។
រោងចក្រកាត់ដេរ ជីម លី ដែលមានកម្មករសន្លប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងបន្តដល់ថ្ងៃអង្គារ ត្រូវបានក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាពបែកចានអះអាងថា ពួកគេធូរស្បើយបានចេញពីមន្ទីរពេទ្យ។ រោងចក្រកាត់ដេរ ជីម លី នៅជាប់រោងចក្រ ហាត អ៊ីនធឺប្រាយ។
ប្រធានមណ្ឌលសុខភាពបែកចាន លោកវេជ្ជបណ្ឌិត សោម អម្ពរ កំពុងព្យាបាលទាំងកណ្ដាលថ្ងៃត្រង់មានប្រសាសន៍ថា កម្មការិនីនោះខ្វះជាតិស្ករ និងខ្សោយកម្លាំងជាខ្លាំង រួមទាំងការភ័យរន្ធត់ ៖ «អាការៈហ្នឹងហាក់ដូចជាគាត់ភ័យតាមគ្នា អារម្មណ៍គាត់រំជួល ដល់ឃើញមួយសន្លប់ទៅ មួយភ័យៗ សន្លប់ដូចគ្នាអ៊ីចឹង។ ពេលគាត់មកដល់មន្ទីរពេទ្យនេះយើងពិនិត្យទៅអាការៈគាត់ហាក់ដូចមានការស្លុតមួយភ្លែតៗ។ ដល់ពេលយើងជួយទៅ ១០ ទៅ ១៥នាទី គាត់ស្រួលឡើងវិញអស់។ ពេលហ្នឹងយើងជួយជាសតិអារម្មណ៍ថា មកដល់ពេទ្យហើយលែងអីហើយ កុំភ័យ។ ដល់ពេលយើងដាក់សេរ៉ូមទៅ ហើយឲ្យដកដង្ហើមមួយៗ យើងប្រាប់គាត់ទៅតែបន្តិចគាត់ស្រួល»។
រដ្ឋមន្ត្រីទាំង ៤រូប សំណូមពរឲ្យថៅកែរោងចក្រ ហាត អ៊ីនធឺប្រាយ ផ្តល់ចំណីអាហារ មានបង្អែមជាដើម ឲ្យដល់កម្មការិនីក្នុងពេលធ្វើការថែមម៉ោង។ សុំឲ្យរើចេញ ម៉ាស៊ីនដេរចាស់ៗដែលបានទុកចោលនោះ និងសម្អាតកម្ទេចក្រណាត់ រួមទាំងបើកបង្អួចឲ្យខ្យល់ និងឲ្យកម្មការិនីឈប់រហូតដល់រោងចក្រសម្អាតរួច ទើបឲ្យកម្មករចូលធ្វើការវិញ បង្ការការដួលសន្លប់ជាថ្មី។
បុគ្គលិករដ្ឋបាលរោងចក្រកាត់ដេរ ហាត អ៊ីនធឺប្រាយ លោក វ៉ាន់ ចាន់ណា បានឲ្យដឹងថា រោងចក្រនេះមានកម្មករធ្វើការ ៩៧០ ទៅ ៩៩០នាក់។ រោងចក្របានដំណើរការ ៦ឆ្នាំមកហើយ។
ការដួលសន្លប់របស់កម្មការិនីចំនួន ៥១នាក់នៅព្រឹកថ្ងៃពុធ គឺជាលើកដំបូងបន្ទាប់ពីរោងចក្របានប្ដូរទីតាំងមកនៅក្បែររោងចក្រកាត់ដេរ ជីមលី។ កម្មករ កម្មការិនីទាំងអស់ត្រូវបានឲ្យឈប់សម្រាករហូតដល់ថ្ងៃសុក្រ ទី២ ខែកញ្ញា បន្ទាប់ពីរោងចក្រសម្អាត និងរៀបចំម៉ាស៊ីនដេរចាស់ៗ លើកចេញតាមសំណូមពររបស់រដ្ឋមន្ត្រីទាំងអស់នោះ៕
Subscribe to:
Post Comments (Atom)
សារព័ត៌មានអន្តរជាតិInternational News
No comments:
Post a Comment