កម្ពុជាទទួលបានសម្លេងគាំទ្រ១៤ប្រទេស លើ២១ប្រទេស ដើម្បីអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទព្រះវិហារ
Kampuchea Thmey Daily
23 June 2011
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយរូប បានប្រាប់កម្ពុជាថ្មីសុំមិនបញ្ចេញឈ្មោះថា របៀបវារៈស្ដីពីផែនការគ្រប់គ្រងប្រាសាទព្រះវិហារត្រូវបានដាក់ចូលពិភាក្សានៅថ្ងៃទី២៣ -២៤ ខែមិថុនា ដែលនិយាយពីការអភិរក្សប្រាសាទព្រះវិហារ និងផែនការអភិវឌ្ឍន៍ គឺកម្ពុជា មានប្រៀបជាងថៃ ដោយកម្ពុជាទទួលបានសម្លេងគាំទ្រ១៤ប្រទេស ឯថៃទទួលបានតែ៧ប្រទេសប៉ុណ្ណោះ។
មន្រ្តីរូបនោះនិយាយថា ភាគីថៃបានជំទាស់យ៉ាងតឹងសរសៃក នៅក្នុងកិច្ចប្រជុំទប់ស្កាត់ សំណើរបស់កម្ពុជាដែលបានលើកឡើង៨ចំណុច នៅក្នុងអង្គប្រជុំនោះ សម្រាប់ផែនការគ្រប់គ្រង ប្រាសាទ និងបញ្ចៀសការវាយប្រយុទ្ធគ្នាពីសំណាក់ភាគីថៃ ដែលនាំឲ្យបាក់បែកប្រាសាទបុរាណ។
មន្រ្តីរូបនោះនិយាយថា តាមប្រភពក្រៅផ្លូវការឲ្យដឹងថា គណៈកម្មការទាំង២១ប្រទេស បាន គាំទ្រកម្ពុជា១៤ប្រទេស និង៧ប្រទេសទៀតគាំទ្រភាគីថៃ។ ដូច្នេះសម្លេងគាំទ្រនេះបានគ្របដណ្ដប់ ទៅលើការជំទាស់របស់ភាគីថៃ។
តាមការផ្សាយឲ្យដឹងពីប្រព័ន្ធព័ត៌មានថៃ ASTV Manager Online ផ្សាយថ្ងៃទី២២ មិថុនា បានឲ្យដឹងថា ឯកសារកម្ពុជាស្នើទៅកាន់យូនីស្កូមាន៨ចំណុចហើយចំណុចដែលថៃទទួលយកមិនបានគឺនៅចំណុចទី៥ ដែលកម្ពុជាលើកឡើងថា ថៃជាភាគីបាញ់មុន ហើយធ្វើឲ្យប្រាសាទព្រះវិហារ ខូចខាត។ នៅត្រង់ចំណុចទី៦ កម្ពុជាលើកឡើងថា ថៃធ្វើខុសអនុសញ្ញាឆ្នាំ១៩៧២ ស្ដីពីការការពារ បេតិកភណ្ឌវប្បធម៌ និងចំណុចទី៧ កម្ពុជាស្នើឲ្យថៃយល់ព្រមឲ្យកម្ពុជាទទួលយកអ្នកសង្កេតការណ៍ ចូលក្នុងមូលដ្ឋាន និងសុំជួសជុលប្រាសាទព្រះវិហារ។ កាសែតនេះបានសរសេរទៀតថា ត្រង់ចំណុចទាមទាររបស់កម្ពុជាខាងលើ ថៃមិនយល់ព្រមទេ ហើយភាគីថៃបានស្នើទៅយូនីស្កូពន្យារ ពេលផែនការគ្រប់គ្រងប្រាសាទនេះ។
លោកថេប ម៉ុនទ្រី លេខារដ្ឋមន្រ្តីធនធានធម្មជាតិបាននិយាយប្រាប់កាសែតនេះថា តាមការ ពិនិត្យមើលទៅថៃបានរងការគាបសង្កត់គួរសមដែរ ពីគណៈកម្មការទាំង២១ប្រទេស មានអ្នកឈរ ខាងថៃតែ៧ប្រទេសប៉ុណ្ណោះ។ ក្នុងពេលនេះ ខ្លួនយល់ឃើញថា លោកស៊ុវិទ ត្រូវលាឈប់ពីមុខ តំណែង។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាលថៃ ក៏បានព្រមានទៅគណៈកម្មការបេតិកភណ្ឌពិភពលោក ថា បើសិនជាអង្គការនេះមិនព្រមពន្យារពេលផែនការគ្រប់គ្រងប្រាសាទព្រះវិហារទេ ថៃនឹងដកខ្លួនចេញ ពីសមាជិកបេតិកភណ្ឌពិភពលោកភ្លាម។
ដូច្នេះនៅក្នុងរឿងនេះ ភាគីថៃបានយល់ខ្លួនឯងថា កម្ពុជាកំពុងកាន់សន្លឹកបៀធំជាងថៃ នៅក្នុងដំណើរការកិច្ចប្រជុំបេតិកភណ្ឌពិភពលោកនៅប្រទេសបារាំង៕ ឫទ្ធី
Preah Vihear (River Books Guides)
No comments:
Post a Comment