កិច្ចប្រជុំស្ដីពីការប្រែប្រួលអាកាសធាតុ និងសន្តិសុខស្បៀង
ដោយ អ៊ុក សាវបូរី
2011-05-25
Radio Free Asia
មន្ត្រីកម្មវិធីស្បៀងអាហារសហភាពអឺរ៉ុប ( FAO EUROPEAN UNION FOOD FACILITY PROJECT) និងមន្ត្រីរដ្ឋាភិបាល ផ្នែកកសិកម្ម និងបរិស្ថាន បានជួបពិភាក្សាគ្នាអំពីផលវិបាកនានា ដែលបណ្ដាលមកពីគ្រោះធម្មជាតិ ដែលបានកើតឡើងកាលពីពេលថ្មីៗ នេះ។
នៅថ្ងៃពុធ ទី ២៥ ខែឧសភា ក្រុមមន្ត្រីរដ្ឋាភិបាល និងមន្ត្រីអង្គការសហប្រជាជាតិ ជាង ៩០ នាក់ បានជួបពិភាក្សាគ្នាអំពីការប្រែប្រួលអាកាសធាតុ នៅពេលបច្ចុប្បន្ន និងស្ដីអំពីវិធានការនានា ដើម្បីការពារផលដំណាំ និងសត្វចិញ្ចឹម នៅពេលមានគ្រោះធម្មជាតិកើតឡើង និងវិធីបញ្ចៀស ព្រមទាំងការប្រកាសគ្រោះអាសន្ន មុនពេលកើតមានគ្រោះធម្មជាតិទាំងនោះ ដើម្បីឲ្យកសិករមានការប្រុងប្រយ័ត្ន និងចូលរួមការពារ។
អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក អ៊ិត ណូឌី មានប្រសាសន៍នៅថ្ងៃពុធ ទី ២៥ ខែឧសភាថា ប្រទេសជប៉ុន និងប្រទេសអាមេរិក ក្នុងឆ្នាំ ២០១១ រងនូវគ្រោះធម្មជាតិរលកយក្សស៊ូណាមិ ជំនន់ ខ្យល់ព្យុះ ដោយសារការប្រែប្រួលអាកាសធាតុ។ បញ្ហាប្រែប្រួលអាកាសធាតុនេះ បង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ដល់បញ្ហាសន្តិសុខស្បៀង។
នៅកម្ពុជា ការកាប់បំផ្លាញព្រៃឈើជាង ៣ លានហិកតារ ការដុតកាកសំណល់ដំណាំ និងដុតព្រៃដំណាំកសិកម្ម និងការដាំដុះស្រូវប្រដេញទឹកជាប្រចាំ ក៏រួមចំណែកបង្កើនឧស្ម័នផ្ទះកញ្ចក់ភាយទៅលើបរិយាកាស ដែលធ្វើឲ្យអាកាសធាតុប្រែប្រួលដែរ។ ក្រសួងកសិកម្ម បានចុះពន្យល់ប្រជាកសិករ ឲ្យកែប្រែទម្លាប់ទាំងនោះ និងដាំកូនឈើ ដើម្បីការពារព្រៃឲ្យបាន ៦០% វិញ។
សំឡេង ៖ «អ្វីដែលយើងចង់បាន គឺធ្វើយ៉ាងណាឲ្យកសិករយើង ចេះបច្ចេកទេសដាំដុះ ម្ចាស់ការឆ្នៃប្រឌិត។ ២ ឆ្នាំហើយ យើងធ្វើសន្និបាតកសិករ ដើម្បីស្វែងរកនូវកសិករឆ្នើមៗ លើការងារឆ្នៃប្រឌិតគ្រប់វិស័យ»។
តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំនៅកម្ពុជា ហៅកាត់ថា (FAO) លោក អែជេ មិខិនដេ (Ajay Markanday) ថ្លែងថាការប្រែប្រួលអាកាសធាតុ បានក្លាយទៅជាការគំរាមកំហែងដ៏ធំមួយ ចំពោះការសម្រេចទៅលើលទ្ធផលនៃការខិតខំប្រឹងប្រែងឲ្យមានសន្តិសុខស្បៀង។
រដ្ឋាភិបាលកម្ពុជា បានទទួលស្គាល់ហានិភ័យនេះ ទើបអង្គការ FAO ផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជានូវសមត្ថភាពបច្ចេកទេសកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ និងដើម្បីកាត់បន្ថយផលប៉ះពាល់ ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុនេះ គឺធ្វើយ៉ាងណា គ្របដណ្ដប់ឲ្យបានទៅលើជីវៈចម្រុះ និង ការកសាងសមត្ថភាព ដោយផ្ទេរបច្ចេកវិទ្យា ដើម្បីការស្ដារព្រៃស្រោងឡើងវិញ។
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា CARDI លោក អ៊ុក មករា មានប្រសាសន៍ថា កម្ពុជាត្រៀមពូជស្រូវប្រើទឹកតិច សម្រាប់ការពារគ្រោះរាំងស្ងួត និងស្រូវដែលធន់នឹងទឹកជំនន់។ ពូជស្រូវដាំសម្រាប់រាំងស្ងួត គឺ ខារ ៣ (CAR3) និងខារ ៤ (CAR4)។
ឯពូជស្រូវដែលធន់នឹងទឹកជំនន់ លោក អ៊ុក មករា ថ្លែងថា មានដូចជាពូជស្រូវ ៖ «ពូជផ្ការំដួល ពូជខារ ៩ ពូជផ្ការំដេង ពូជផ្ការមៀតជាដើមនេះ ដែលខ្ញុំមានបង្ហាញនេះ គឺវាធន់នឹងទឹកជំនន់។ ប៉ុន្តែ ទន្ទឹមនឹងយើងមិនទាន់ពេញចិត្តទេ យើងកំពុងធ្វើការសិក្សាស្រាវជ្រាវបន្តថែមទៀត ដើម្បីពង្រឹងពូជអស់ហ្នឹង ឲ្យវាកាន់តែធន់ទ្រាំទៅនឹងទឹកជំនន់ ឬរាំងស្ងួតថែមទៀត»។
មន្ត្រីអង្គការ យូ.អិន.ឌី.ភី (UNDP) លោក ឃីម ឡាយ បានឲ្យដឹងថា ថវិកាចំនួន ២០ លានដុល្លារអាមេរិកសម្រាប់ផែនការ ៥ ឆ្នាំ គឺឆ្នាំ ២០១១ ឆ្នាំ ២០១៥ អង្គការនេះកំពុងធ្វើការងារគាំទ្រ ដើម្បីកសាងនូវភាពធន់ និងការប្រែប្រួលអាកាសធាតុ ក្នុងប្រទេសកម្ពុជា ដោយធ្វើការអប់រំសហគមន៍តាមរយៈសិក្ខាសាលា និងកិច្ចប្រជុំជាដើម៕
.
Nokor Khmer offers unique overview of news across Cambodia, ASEAN, and certain perspectives. The unique way of getting closer to screening news headlines across the globe.
FOX News : Health
Subscribe to:
Post Comments (Atom)
សារព័ត៌មានអន្តរជាតិInternational News
No comments:
Post a Comment