FOX News : Health

14 May, 2011

សង្គ្រាម​ចម្លែក​​រវាង​​កងទ័ព​កម្ពុជា និង​ថៃ

សង្គ្រាម​ចម្លែក​​រវាង​​កងទ័ព​កម្ពុជា និង​ថៃ

ដោយ វោហារ ជាតិ
2011-05-13
Radio Free Asia

សង្គ្រាម​រវាង​កង​ទាហាន​ថៃ និង​កម្ពុជា នៅ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដែល​មាន​រយៈ​ពេល​ជិត ៤ ឆ្នាំ​មក​ហើយ​នេះ ត្រូវ​បាន​អ្នក​សង្កេតការណ៍​សន្តិសុខ​ព្រំដែន​ខ្លះ​យល់​ឃើញ​ថា គឺ​ជា​សង្គ្រាម​ចម្លែក ដែល​គេ​មិន​ធ្លាប់​ជួប​ប្រទះ​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ពិភព​លោក​កន្លង​មក។

​សង្គ្រាម​ចម្លែក ព្រោះ​ថា ការ​វាយ​ប្រហារ​គ្នា​នៅ​ព្រំដែន​កម្ពុជា-ថៃ ជួន​កាល​កង​ទាហាន​ទាំង​ពីរ​ម្ដង​ធ្វើ​ជា​មិត្ត ម្ដង​ជា​សត្រូវ ដែល​ពិបាក​យល់ រហូត​ដល់​ទៅ​អ្នក​សង្កេតការណ៍​ខ្លះ​គិត​ថា នេះ​ជា​សង្គ្រាម​ប្រើ​មន្តអាគម​គាថា​តាម​សម័យ​បូរាណ​ផង និង​សង្គ្រាម​ប្រើ​អាវុធ​ទំនើប​ចម្រុះ​ផង។
មក​ដល់​សតវត្ស​ទី ២១ ទៅ​ហើយ អប្បិយជំនឿ ឬ​ជំនឿ​លើ​មន្តអាគម​គាថា នៅ​តែ​ស្ថិត​នៅ​ក្នុង​បេះដូង​ប្រជាជន​ក្នុង​តំបន់​អាស៊ី​មួយ​ចំនួន​នៅ​ឡើយ ជា​ពិសេស កងទ័ព​ខ្មែរ-ថៃ ដែល​កំពុង​ប្រឈម​មុខ​ដាក់​គ្នា​នៅ​សមរភូមិ​ព្រំដែន ក្នុង​ពេល​ការ​ប្រយុទ្ធ​គ្នា​នៅ​ខេត្ត​ឧត្តរ​មានជ័យ​ផ្ទុះ​ឡើង​ជា​ថ្មី​ម្ដង​ទៀត ដែល​បណ្ដាល​ឲ្យ​ភាគី​ទាំង​ពីរ​ស្លាប់​នឹង​របូស​រៀងៗ ខ្លួន។
កាល​ពី​សប្ដាហ៍​កន្លង​ទៅ មាន​ព្រះសង្ឃ​និមន្ត​មក​ពី​ទី​អារាម​ចំនួន ៤៤ នៅ​ខេត្ត​កំពង់ស្ពឺ បាន​ប្រារព្ធ​ពិធី​បួង​សួង​ប្រសិទ្ធី​កន្សែង​យ័ន្ត​ជាង ៤ ពាន់​យ័ន្ត ដើម្បី​ផ្ដល់​ជូន​ទៅ​កងទ័ព​នៅ​សមរភូមិ​ព្រំដែន​ជួរ​មុខ​ខេត្ត​ព្រះវិហារ។
នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​នៅ​ព្រំដែន​កន្លង​មក កងទ័ព​ទាំង​ពីរ​កម្ពុជា-ថៃ ដែល​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ និង​មាន​ជំនឿ​សាសនា​ដូច​គ្នា បាន​បាញ់​សម្លាប់​គ្នា​ដោយ​ប្រើ​អាវុធ​ទំនើបៗ ជា​ពិសេស​ភាគី​ថៃ។ ចំណែក​ភាគី​កម្ពុជា​វិញ​អះអាង​ថា ថ្វី​ត្បិត​មិន​សូវ​មាន​អាវុធ​ទំនើប​ដូច​ថៃ តែ​កម្ពុជា​មាន​ទឹក​ចិត្ត​ក្លាហាន តស៊ូ​ប្ដូរ​ជីវិត​ការពារ​ទឹក​ដី​ នឹង​មាន​មន្តអាគម​គាថា ការពារ​ខ្លួន​ពី​គ្រាប់​រំសេវ​ទំនើប​ថៃ ហើយ​មន្ត​អាគម​ថែម​ទាំង​អាច​ផ្ចាញ់​ទាហាន​ថៃ​បាន​ទៀត​ផង។
ដូច​ប្រសាសន៍​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​នៅ​ក្រុង​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី ៤ ឧសភា​ថា ទាហាន​ថៃ​នាំ​គ្នា​ផ្អើល​នឹង​ពាក្យ​ចចាមអារ៉ាម និង​ខ្លាច​រអា​ថា ភាគី​កម្ពុជា​សូត្រ​បាលី​មន្ដអាគម អាលម្ពាយ បញ្ជូន​ពស់​វែក​ទៅ​តទល់​ជាមួយ​ទាហាន​ថៃ ធ្វើ​ឲ្យ​ទាហាន​ថៃ​ភ័យ​ខ្លាច ហើយ​នាំ​គ្នា​បាញ់ និង​គប់​គ្រាប់បែក ភ័យ​ស្លន់ស្លោ​ការពារ​ខ្លួន​ដោយ​ឯក​ឯង។
លោក ហ៊ុន សែន ៖ «ហើយ​គេ​យក​អថ័ន​មក​ដាក់​ដល់​ដាក់​ប្រញាប់​ពេក អថ័ន​នឹង​បែរ​ក្ដិត​ទៅ​ប្រទេស​ថៃ។ រួច​ហើយ​បន់ស្រន់​ពី​ពេល​ថ្ងៃ​ដល់​ពេល​យប់​ងាប់​ស័ក្ដិ ៤ កន្លះ​មួយ​នៅ​លើ​ថ្ម​នោះ វា​មាន​រឿង​អញ្ចឹង។ ដល់​ឥឡូវ​កំពុង​ថា កម្ពុជា​ដាក់​មន្តអាគម​សុទ្ធតែ​ពស់វែក​ទៅ​ហើយ​ជាង ២ ម៉ឺន​ពស់វែក​ទៅ​ហើយ រហូត​ដល់​អ្នក​នាំ​ពាក្យ​យោធភូមិភាគ​ទី ២ របស់​ថៃ និង​មេ​បញ្ជាការ​យោធភូមិភាគ​ទី ២ របស់​ថៃ​កំពុង​ប្រកាស​ថា មិន​មែន​ជា​រឿង​ពិត​ទេ។ ទេ​អាច​មែន​ណ៎ា! តា​ក្របី វែក​ក្របី ហើយ​តេជោ​សែន​នេះ​ឆ្នាំ​រោង ហើយ​គឺ​ថា ប្រើ​ពស់​ទៅ​នឹង​គឺ​ថា មែន​ណា​អាច​មែន​ណ៎ា»។
ទាក់ទង​នឹង​ជំនឿ​មន្តអាគម​អូមអាម​នេះ​ដែរ លោក ញឹក ប៊ុនឆៃ មន្រ្ដី​ជាន់​ខ្ពស់​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​ជា​អតីត​មេទ័ព​ល្បី​មួយ​រូប ដែល​ធ្លាប់​តស៊ូ​ឆ្លង​កាត់​សមរភូមិ​ជាង ៣០ ឆ្នាំ​មក​នោះ ថ្លែង​ថា លោក​ជឿ​លើ​មន្តអាគម​ណាស់ ព្រោះ​ថា មន្តអាគម​នេះ​បាន​ជួយ​សង្គ្រោះ​ជីវិត​លោក​ពី​គ្រាប់​រំសេវ និង​គ្រាប់​មីន​ក្នុង​សមរភូមិ​ប្រយុទ្ធ​ធំៗ បាន​ច្រើន​ដង ហើយ​ធ្វើ​ឲ្យ​លោក​រួច​ជីវិត​មក​ទល់​សព្វថ្ងៃ។ ជាក់​ស្ដែង​ដូចជា​ព្រឹត្តិការ​ថ្ងៃ ៥-៦ កក្ដដា ឆ្នាំ ១៩៩៧ ជាដើម។
លោក ញឹក ប៊ុនឆៃ ៖ «ដប់​ថ្ងៃ​មុន​ខ្ញុំ​បាន​ទៅ​ព្រំដែន​ដែរ គឺ​ប្រាសាទ​តា​មាន់ និង​តា​ក្របី។ កន្លែង​ខ្ញុំ​នៅ​ចាស់​ហើយ​ត្រង់​នោះ។ ខ្ញុំ​បាន​យក​ខ្សែ​គាថា ដែល​លោក​បាន​ប្រគល់​ឱ្យ​ខ្ញុំ​ច្រើន​ដែរ ខ្ញុំ​បាន​យក​ទៅ​ចែក​មេៗ ទាហាន​ដើម្បី​ពាក់​ទៅ​ការពារ។ សម្រាប់​ខ្ញុំៗ ជឿ​មែន​ទែន។ អ្នក​ណា​ដែល​មិន​ជឿ​ខ្ញុំ​មិន​ដឹង​ទេ សម្រាប់​ខ្ញុំ​ជឿ​ដោយសារ​តែ​ខ្ញុំ​រួច​ផុត​ពី​គ្រោះថ្នាក់​ធំៗ ប្រាំបី​ប្រាំបួន​ដង​មក​ខ្ញុំ​ផុត​រហូត។ ការ​ផ្ទុះ​មីន​ស្អី​ខ្ញុំ​ផុត​រហូត»។
តែ​លោក លឺ ឡាយស្រេង អ្នក​នយោបាយ​ខ្មែរ​មួយ​រូប ដែល​ធ្លាប់​ចូល​ប្រឡូក និង​ឆ្លងកាត់​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា​មិន​ចាញ់​លោក ញឹក ប៊ុនឆៃ ប៉ុន្មាន​ដែរ​នោះ ថ្លែង​ថា នោះ​គ្រាន់​តែ​ជា​សំណាង​ប៉ុណ្ណោះ​របស់​លោក ញឹក ប៊ុនឆៃ «បើ​អាគម​ពូកែ​ចេះ​ចាញ់​គេ? បើ​មាន​អាគម​ពូកែ​ចាំបាច់​រត់​ធ្វើ​អី?»
ទោះ​យ៉ាងណា​គេ​សង្កេត​ឃើញ​ថា យុទ្ធជន​ខ្មែរ​ឈរ​ជើង​នៅ​ព្រំដែន​ភាគ​ច្រើន ជឿ​លើ​កន្សែង​យ័ន្ត និង​មន្តអាគម​នេះ។ យុទ្ធជន​មួយ​រូប​ឈរ​ជើង​នៅ​តំបន់​ច្រក​តា​ថាវ ថ្លែង​ថា​អាច​ការពារ​អាយុជវិត​ពីគ្រាប់​កាំភ្លើង​របស់​ទាហាន​ថៃ​បាន​សក្តិសិទ្ធ បើ​គោរព​តំណម​គ្រូ​បាន​ល្អ ដូចជា កុំ​ជេរ កុំ​លួច​ទ្រព្យ​របស់​គេ កុំ​ហូប​សាច់​ឆ្កែ កុំ​មុជ​ក្រោម​ស្នួ​ខោអាវ កុំ​យក​ប្រពន្ធ​គេ​ជា​ដើម «មាន​គឺ​ជួយ​ដាស់​ស្មារតី​ពង្រឹង​ស្មារតី ហើយ​យើង​មាន​បាលី​អី​សូត្រ​ទៅ​បាត់​ញ័រ​ធ្វើ​ឱ្យ​អារម្មណ៍​នឹងនរ»។
ក៏​ប៉ុន្តែ ក៏​មាន​យុទ្ធជន​ខ្លះ​មិន​ជឿ​លើ​មន្តអាគម​នេះ​ទេ ហើយ​ពួក​គេ​យក​លេណដ្ឋាន និង​ក្បួន​យុទ្ធសាស្ត្រ​ការពារ​ជីវិត​វិញ។ យុទ្ធជន​ម្នាក់​ទៀត​ដែល​កំពុង​ឈរ​ជើង​នៅ​តំបន់​ភ្នំ​ទ្រព្យ បាន​ប្រៀបធៀប​ជា​ឧទាហរណ៍​ថា តើ​កន្សែង​យ័ន្ត និង​គល់​ឈើ ឬ​ក៏​លេណដ្ឋាន មួយ​ណា​អាច​ទ្រាំទ្រ​គ្រាប់​កាំភ្លើង​ផ្លោង​របស់​ថៃ​បាន។ យុទ្ធ​រូប​នោះ​គិត​ថា មាន​តែ​គល់​ឈើ និង​លេណដ្ឋាន​ទេ​ដែល​អាច​ការពារ​អាយុ​ជីវិត​គេ​បាន។
ការ​ផ្ទុះ​អាវុធ​នៅ​ព្រំដែន​ខ្មែរ-ថៃ នៅ​ពេល​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រវត្តិសាស្ត្រ និង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​នឹក​ឃើញ​ប្រវត្តិសាស្ត្រ​សង្គ្រាម​ដ៏​ជូរ​ចត់​រវាង​ខ្មែរ និង​សៀម កាល​ពី​សម័យ​ដើម ដែល​ពេល​មួយ​នោះ មាន​អ្នកតា​ឃ្លាំងមឿង បាន​បូជា​ជីវិត​ដើម្បី​ការពារ​ទឹក​ដី​ពី​ការ​ឈ្លានពាន​របស់​កងទ័ព​សៀម។
លោក​បណ្ឌិត រស់ ចន្ត្របុត្រ ថ្លែង​ថា «លោក​តា ឃ្លាំងមឿង ក្នុង​រឿង​ព្រេង​នោះ គឺ​លោក​បាន​ធ្វើ​អត្តឃាត​លោត​ចូល​ទៅ​ក្នុង​រណ្ដៅ​ចម្រូង ដើម្បី​ទៅ​ក​កងទ័ព​ខ្មោច ដើម្បី​តស៊ូ​ការ​ឈ្លានពាន​របស់​កងទ័ព​សៀម»។
លោក​បណ្ឌិត រស់ ចន្ត្របុត្រ ថ្លែង​ថា អ្នកតា​ឃ្លាំងមឿង​ជា​វីរជន​ស្នេហា​ជាតិ​មួយ​រូប​ក្នុង​ចំណោម​វីរជន​ស្នេហា​ជាតិ​ដទៃៗ ទៀត​នៅ​ក្នុង​សម័យ​បូរាណ។
ដោយសារ​វីរភាព​ស្នេហា​ជាតិ​ហ៊ាន​លះបង់ ដើម្បី​ទឹកដី​ដូច្នេះ ទើប​អ្នកតា​ឃ្លាំងមឿង ត្រូវ​បាន​កូន​ខ្មែរ​ជំនាន់​ក្រោយៗ មក​ទៀត​គោរព​ចងចាំ​ក្នុង​ចិត្ត​មក​ទល់​សព្វ​ថ្ងៃ។ ទោះ​​​យ៉ាង​​ណា​​ក្ដី ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ​បច្ចុប្បន្ន នៅ​មិន​ទាន់​ដោះ​ស្រាយ​នៅ​ឡើយ​ទេ។ អ្នក​សង្កេតការណ៍​ទំនាស់​ព្រំដែន​ឯករាជ​មួយ​ចំនួន​រំពឹង​ថា ទំនាស់​នេះ​នឹង​បន្ត​យូរ​អង្វែង​ទៅ​ទៀត។
ទន្ទឹម​នឹង​ពេល​នេះ​ដែរ អ្នក​សង្កេតការណ៍​ខ្លះ​បាន​សម្ដែង​ចម្ងល់​អំពី​យុទ្ធសាស្ត្រ​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ បច្ចុប្បន្ន​នេះ​ថា ជា​រូបមន្ត​មួយ​ប្លែក​ព្រោះ​ថា ភាគី​ទាំង​ពីរ​ម្ដង​ជា​មិត្ត ម្ដង​ជា​សត្រូវ។
គេ​មិន​ដែល​ឃើញ​មាន​ទាហាន​ណា​ដូច​ជា​ទាហាន​ខ្មែរ និង​ថៃ​ទេ ដែល​បាញ់​គ្នា​ហើយ​លេង​កីឡា​ជាមួយ​គ្នា លេង​ហើយ​បាញ់​គ្នា​ទៀត រួច​ហើយ​ហូប​បាយ​មិត្ត​ភាព​ជាមួយ​គ្នា​វិញ។ ហូប​បាយ​ហើយ​បាញ់​គ្នា​ទៀត ហើយ​មួយ​សន្ទុះ​ក្រោយ​ពី​បាញ់​គ្នា​ម្ដង​ហើយ​ម្ដង​ទៀត នៅ​ពេល​នេះ​ទាហាន​ទាំង​ពីរ​ជនជាតិ បែរ​ជា​ស្រុះ​ស្រួល​គ្នា ហើយ​ក៏​បបួល​គ្នា​ចូល​ដំណេក​រួម​គ្នា​យ៉ាង​ល្អូកល្អឺន៕

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde