FOX News : Health

08 May, 2011

វិស័យ​ការទូត​ខ្មែរ ត្រូវ​បាន​រិះគន់​ថា​ខ្សោយ

វិស័យ​ការទូត​ខ្មែរ ត្រូវ​បាន​រិះគន់​ថា​ខ្សោយ
radio free Asia 
ដោយ តាំង សារ៉ាដា
2011-05-08
ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​តាម​ដាន​ស្ថាន​ការណ៍​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ បាន​រិះគន់​ដល់​វិស័យ​ការទូត​របស់​ខ្មែរ​ថា នៅ​មាន​កម្រិត​ខ្សោយ

ក្រុម​អ្នក​ឃ្លាំ​មើល​អំពី​វិស័យ​ការ​ទូត​របស់​ខ្មែរ ក្នុង​បរិបទ​ជម្លោះ​ព្រំដែន​ជា​មួយ​ប្រទេស​ថៃ បាន​ឲ្យ​ដឹង​ថា នយោបាយ​ការ​ទូត​របស់​កម្ពុជា​នៅ​ក្រៅ​ប្រទេស​គួរ​ធ្វើ​ឲ្យ​បាន​ខ្លាំង​ជាង​នេះ​ថែម​ទៀត ដើម្បី​រក​ការ​គាំទ្រ​នានា ពី​សហគមន៍​អន្តរ​ជាតិ សម្រាប់​ប្រយោជន៍​របស់​ប្រជា​ជាតិ​ខ្មែរ។
ពី​ទីក្រុង Lowell រដ្ឋ Massachusetts សហ​រដ្ឋ​អាមេរិក លោក ល័ក្ខ និស្ស័យ មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ខ្មែរ​មិន​គួរ​ធ្វើ​ប្រតិកម្ម​ជា​មួយ​រដ្ឋាភិបាល​ថៃ​តាម​តែ​រយៈ​កាសែត​ក្នុង​ស្រុក Bangkok Post ឬ​កាសែត The Nation របស់​ថៃ​នោះ​ឡើយ។ លោក​ថ្លែង​ថា រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​គួរ​ធ្វើ​សង្គ្រាម​នយោបាយ​ការទូត​របស់​ខ្លួន​ឲ្យ​មាន​លក្ខណៈ​វិជ្ជាជីវៈ​ជាង​នេះ ៖ «ដូច​សម្ដេច​នាយក​រដ្ឋ​មន្ត្រី​អ៊ីចឹង គាត់​មិន​ត្រូវ​យក​ភាសា​ពួក​កាសែត​ទៅ​តវ៉ា​ជា​មួយ​នឹង​ថៃ ជា​មួយ​នឹង​អី​ទេ។ ជួនកាល​ចំណុច​ខ្លះ​យើង​ត្រូវ​អត់​ខ្លះ​ទៅ កុំ​ទៅ​ត​ទល់​ជា​មួយ​អ្នក​កាសែត អ្នក​កាសែត​អ្នក​អី​ហ្នឹង។ ពី​ព្រោះ​អា​កាសែត​ហ្នឹង វា​ចេះ​តែ​ចាក់​ឲ្យ​យើង​លោត មិន​ដឹង​ជា​ទៅ​ណា​ម៉ោ​ណា។ អា​ហ្នឹង​ពេល​ខ្លះ​យើង​មិន​ត្រូវ​ត​ទេ ព្រោះ​ឋានៈ​គាត់​ជា​នាយក​រដ្ឋ​មន្ត្រី ឲ្យ​តែ​ឮ​កាសែត​ថា​អី ក៏​គាត់​ញាក់​គាត់​លោត។»
លោក ល័ក្ខ និស្ស័យ បន្ត​ថា មន្ត្រី​ការ​ទូត​ខ្មែរ​គួរ​ជ្រើស​រើស​មនុស្ស​ដែល​មាន​ជំនាញ​ពិត​ប្រាកដ ទាំង​ភាសា បច្ចេកទេស​ការងារ ពាក្យ​សំដី និង​រូប​សម្បត្តិ​ប្រកប​ដោយ​អំណាច។ លោក​ថ្លែង​ថា ការ​ចរចា​របស់​ភាគី​កម្ពុជា​កន្លង​មក ហាក់​បង្ហាញ​អំពី​ភាព​ទន់​ខ្សោយ​របស់​ខ្លួន​ចំពោះ​សត្រូវ ៖ «កិច្ច​ការ​បរទេស​ដើម្បី​យើង​ឈរ​ជា​មួយ​បរទេស​ដូច​ជា​ពួក​ថៃ ពួក​ស្អីៗ អ៊ីចឹង​ត្រូវ​មាន​ភាព​ក្លាហាន និយាយ​ឲ្យ​មាន​ទឹក​ដម ឲ្យ​មាន​អំណាច​នៅ​ក្នុង​ការ​ប្រឈម នៅ​ក្នុង​ការ​ចរចា​ជា​មួយ​គេ។ ខ្ញុំ​ឃើញ​កិច្ច​ការ​បរទេស​យើង​នៅ​ទន់​ខ្សោយ​ណាស់ ហើយ​អត់​ទាន់​មាន​ភាព​អង់​អាច​ក្លាហាន​ទៅ​ប្រឆាំង​ជា​មួយ​គេ​នៅ​ផ្លូវ​ទូត​ទេ។»
ទាក់​ទង​នឹង​ការ​ជ្រើស​រើស​វាក្យសព្ទ​មក​ប្រើប្រាស់​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន លោក ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ កន្លង​ទៅ​បាន​ថ្លែង​ជា​សាធារណៈ​ថា “ខ្ញុំ​គិត​ថា វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ជា​របស់​កម្ពុជា”។
អ្នក​វិភាគ​បាន​ចាត់​ទុក​ថា ការណ៍​ដែល​លោក ហោ ណាំ​ហុង ប្រើ​ពាក្យ «ខ្ញុំ​គិត​ថា» ដូច្នេះ វា​ជា​ការ​ឆ្លុះ​បញ្ចាំង​ថា លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រូប​នេះ​មិន​ច្បាស់​ខ្លួន​ឯង អំពី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ​ជា​របស់​កម្ពុជា។ ហើយ​ប្រការ​នេះ​វា​ឆ្លុះ​បង្ហាញ​អំពី​ចំណុច​ខ្សោយ​របស់​អ្នក​ការ​ទូត​ខ្មែរ​លើ​ឆាក​អន្តរ​ជាតិ។
ក្រុម​អ្នក​វិភាគ​បាន​បន្ត​ទៀត​ថា នៅ​ពេល​កង​ទ័ព​ខ្មែរ​បាញ់​ផ្លោង​តប​ត​ចូល​ក្នុង​ទឹក​ដី​ថៃ ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​សំណង់​អគារ និង​ទ្រព្យ​សម្បត្តិ​របស់​ថៃ​នោះ គេ​សង្កេត​ឃើញ​ថៃ​តែង​បើក ឬ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​អ្នក​កាសែត​អន្តរ​ជាតិ និង​អ្នក​កាសែត​ជាតិ​ធ្វើ​ការ​ចុះ​ផ្សាយ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ អំពី​ការ​ខូច​ខាត​ទាំង​ឡាយ ដូច​ជា​ផ្ទះ​សំបែង អាគារ​សាលា វត្ត​អារាម ឬ​ផ្សារ​លក់​ទំនិញ​ជា​ដើម ដែល​បង្ក​ឡើង​ដោយ​ភាគី​កម្ពុជា។ ចំណែក​កម្ពុជា​វិញ បើ​ទោះបី​ថៃ​បាន​បាញ់​ផ្លោង​រាប់​ម៉ឺន​គ្រាប់​ចូល​ក្នុង​ទឹក​ដី​របស់​ខ្លួន ហើយ​ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ ផ្ទះ​សំបែង ទី​វត្ត​អារាម ប្រាសាទ​បូរាណ ឬ​បាន​សម្លាប់​ជីវិត​ជន​ស្លូត​ត្រង់​ជា​ច្រើន​ក៏​ដោយ ក៏​គេ​មិន​សូវ​ឃើញ​រដ្ឋាភិបាល​កម្ពុជា​ស្វះ​ស្វែង​ជំរុញ​ឲ្យ​អ្នក​សារព័ត៌មាន​បរទេស ឬ​អ្នក​កាសែត​ក្នុង​ស្រុក​ចុះ​ថត ឬ​រាយ​ការណ៍​ឲ្យ​បាន​ច្រើន​ផុលផុស​នោះ​ឡើយ។ ហើយ​ម្យ៉ាង​វិញ​ទៀត គេ​សង្កេត​ឃើញ​ការ​បញ្ចេញ​រូប​ភាព​នៃ​វិនាសកម្ម​ដែល និង​រូប​ភាព​អំពី​ផល​លំបាក​នៃ​ជន​ភៀស​សឹក​ខ្មែរ ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ ក៏​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ។
ពល​រដ្ឋ​ខ្មែរ​មួយ​រូប​ទៀត​ពី​រដ្ឋ Alabama លោក អ៊ឹម សុនិត បាន​សង្កេត​ឃើញ​ថា យុទ្ធ​សាស្ត្រ​របស់​រដ្ឋាភិបាល​ខ្មែរ​ក្នុង​បរិបទ​សង្គ្រាម​ព្រំដែន​ខ្មែរ-ថៃ នេះ ហាក់​មាន​ចំណុច​ល្អ​ច្រើន ប៉ុន្តែ​ទំនាក់​ទំនង​ការ​ទូត​រវាង​បណ្ដា​ប្រទេស​មហា​អំណាច​ក្នុង​អង្គការ​សហ​ប្រជា​ជាតិ​នៅ​មាន​កម្រិត ៖ «ខ្ញុំ​មើល​ឃើញ​វិស័យ​ការ​ទូត​របស់​ខ្មែរ​យើង​វា​ពាក់ព័ន្ធ​ជា​មួយ​យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល។ យុទ្ធ​សាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ខ្ញុំ​មើល​ឃើញ​ថា​វា​ល្អ តាំង​ពី​ចាប់​ផ្ដើម​ជម្លោះ​រហូត​មក​ទល់​ពេល​នេះ យើង​ឃើញ​យុទ្ធ​សាស្ត្រ​ល្អ។ ប៉ុន្តែ​វិស័យ​ការ​ទូត​យើង​មិន​សូវ​ឃើញ​មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​បណ្ដា​ប្រទេស​ជា​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហ​ប្រជា​ជាតិ។»
ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ មន្ត្រី​ការ​ទូត​របស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាហ្វ្រិក និង​ពី​បណ្ដា​ប្រទេស​នៅ​អាមេរិក​កណ្ដាល​ផង​ដែរ។
ឯក​អគ្គ​រាជ​ទូត​ខ្មែរ​លោក ហែម ហេង មាន​ប្រសាសន៍​ថា ចំពោះ​ទំនាក់​ទំនង​កា​ទូត​រវាង​កម្ពុជា និង​អាមេរិក នៅ​តែ​មាន​ភាព​ប្រសើរ ហើយ​ថា អាមេរិក​នឹង​មិន​លូក​ដៃ​ចូល​ក្នុង​ទំនាស់​រវាង​កម្ពុជា-ថៃ នោះ​ឡើយ ដោយ​សារ​ប្រទេស​ទាំង​ពីរ​សុទ្ធ​ជា​ប្រទេស​ជា​មិត្ត​របស់​អាមេរិក ៖ «កន្លង​មក​បើ​ទោះ​បី​ជា​ប្រទេស​ថៃ ដែល​ជា​សម្ព័ន្ធមិត្ត​យូរ​អង្វែង​របស់​អាមេរិក​ក៏​ដោយ ក៏​យើង​ឃើញ​អាមេរិក​សម្ដែង​ភាព​មិន​ជា​ផ្លូវ​ការ ជា​ផ្លូវ​ការ​សម្ដែង​ភាព​ឯករាជ្យ។ ហើយ​ខ្ញុំ​បាន​ជួប​ជា​មួយ​នឹង​អនុ​រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក ហើយ​គេ​ក៏​បាន​និយាយ​ថា ដោយ​សារ​ប្រទេស​ទាំង​ពីរ​ជា​មិត្ត​របស់​គេ ដូច្នេះ​គេ​មិន​លូក​ដៃ​ចូល​ក្នុង​ជម្លោះ​នេះ​ឡើយ ហើយ​ទំនាក់​ទំនង​ការ​ទូត​របស់​អាមេរិក​ជា​មួយ​កម្ពុជា​នៅ​មាន​ភាព​ល្អ​ដដែល។»
ទាក់ទិន​នឹង​បញ្ហា​ការ​ទូត​របស់​កម្ពុជា​នេះ​ដែរ កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី​ចំនួន ១០​រូប បាន​ជំរុញ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដក​តំណែង​លោក ហោ ណាំ​ហុង ចេញ​ពី​តួ​នាទី​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា។ ក្រុម​នេះ​បាន​ឲ្យ​ដឹង​ថា មូល​ហេតុ​នៃ​ការ​ជំរុញ​ឲ្យ​ដក​តួនាទី​លោក ហោ ណាំ​ហុង ព្រោះ​មន្ត្រី​ការ​ទូត​រូប​នេះ មាន​សមត្ថភាព​ទន់​ខ្សោយ​ខាង​នយោបាយ​ក្រៅ​ប្រទេស ក្នុង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​បរទេស​លើ​ករណី​រំលោភ​បូរណភាព​ទឹក​ដី​កម្ពុជា ពី​ការ​ឈ្លាន​ពាន​របស់​កង​ទ័ព​​ថៃ។
ចំណែក​លោក​បណ្ឌិត ឡៅ ម៉ុង​ហៃ ជា​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​ដែរ​នោះ មាន​ប្រសាសន៍​ថា អ្នក​ការ​ទូត​របស់​ខ្មែរ​មិន​សូវ​មាន​វិជ្ជាជីវៈ​គ្រប់​គ្រាន់ ម្យ៉ាង​ទៀត​កម្ពុជា​មាន​ឈ្មោះ​មិន​សូវ​ល្អ​ខាង​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ផង​ដែរ ៖ «ខ្ញុំ​គិត​ថា​ក្នុង​រយៈ​ពេល​ខ្លី​នេះ យើង​អត់​មាន​អ្នក​ជំនាញ​ផង ច្រើន​តែ​ដាក់​តែ​គ្នា​ឯង​អ៊ីចឹង​ទៅ ហើយ​មាន​ទស្សនៈ​ចង្អៀត​ចង្អល់​ណាស់។ ហើយ​សម្ដេច​នាយក​ចេះ​តែ​បន្ទោស​អង្គការ​សហ​ប្រជា​ជាតិ ជួនកាល​ដូច​រឿង យ៉ា ហ្គាយ អ៊ីចឹង ឃើញ​ទេ ដៀល​សុទ្ធ​តែ​ដល់​ប្រទេស​របស់​គេ​ទៀត។ ដូច​ខាង​ផ្នែក​សិទ្ធិ​មនុស្ស នីតិ​រដ្ឋ ប្រជាធិបតេយ្យ​អី​ហ្នឹង​នៅ​មាន​ភាព​បង្អាក់បង្អួល មាន​លំដាប់​លេខ​ទាប​ណាស់។»
ខ្លាច​ប៉ះពាល់​ផល​ប្រយោជន៍​វៀតណាម

ជុំវិញ​បញ្ហា​នយោបាយ​ការ​ទូត​របស់​កម្ពុជា​នេះ​ដែរ លោក គុជ ចាន់​លី ជា​ពល​រដ្ឋ​ខ្មែរ​អាមេរិកាំង ក្នុង​រដ្ឋ Maryland មាន​ប្រសាសន៍​ថា ការណ៍​ដែល​កម្ពុជា​រារែក​មិន​ព្រម​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ធ្វើ​ជា​អាវុធ​ការ​ទូត ដែល​ខ្លួន​មាន​ស្រាប់ ដើម្បី​ដោះស្រាយ​ទំនាស់​ជា​មួយ​ប្រទេស​ថៃ​នោះ ដោយ​សារ​កម្ពុជា​ខ្លាច​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​របស់​វៀតណាម ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន នៅ​ពេល​ណា​អន្តរ​ជាតិ​ធ្វើ​ការ​សើរើ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស​នេះ​ឡើង​វិញ ៖ «ឃើញ​ថា​ប្រទេស​ខ្មែរ​យើង​ហ្នឹង​មាន​ភាព​ទន់​ខ្សោយ​ក្នុង​ការ​យល់​អំពី​កិច្ច​ការ​បរទេស ប្រទេស​នីមួយ​ក្នុង​ពិភព​លោក​នេះ ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ខ្លួន។ ប្រទេស​ខ្មែរ​យើង​មាន​ការ​រារែក​ក្នុង​ការ​សម្រេច​ចិត្ត​ត្រូវ​លើក​យក​ប្រទេស​ខ្មែរ​យើង​ហ្នឹង​ទៅ​ដោះស្រាយ​ជា​មួយ​ថៃ ដោយសារ​តែ​វា​មាន​ជាប់​ទាក់​ទិន​នឹង​ច្បាប់​អន្តរ​ជាតិ​មួយ ប្រទេស​ថៃ​ហាក់​ចង់​ប្រទេស​ខ្មែរ​ដោះស្រាយ​ដោយ​ចង់​ឲ្យ​ប្រទេស​ខ្មែរ​ហ្នឹង លើក​យក​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ហ្នឹង យក​មក​ដោះស្រាយ​ពី​ព្រោះ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ហ្នឹង វា​មាន​ចែង​ពី​បូរណភាព​ទឹក​ដី វា​មាន​ចែង​អំពី​អធិបតេយ្យភាព និង​ឯករាជ្យ​ភាព​របស់​ខ្មែរ​យើង។»
ប៉ុន្តែ​មជ្ឈដ្ឋាន​ខ្លះ​បាន​កោត​សរសើរ​ស្នាដៃ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​ភាគី​ថៃ​ដក​ទាហាន​ឈុត​ខ្មៅ​របស់​ខ្លួន​ចេញ​ពី​វត្ត​កែវ​សិក្ខា​គិរី​ស្វារៈ ក្បែរ​ប្រាសាទ​ព្រះវិហារ​ដោយ​សន្តិ​វិធី។ កម្ពុជា​បាន​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​ឲ្យ​ថៃ​ព្រម​ទទួល​យក​ក្រុម​អ្នក​សង្កេត​ការណ៍​របស់​ប្រទេស​ឥណ្ឌូណេស៊ី។ កម្ពុជា​បាន​បញ្ជូន​ញត្តិ​របស់​ខ្លួន​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ​ទីក្រុង​ឡាអេ ឲ្យ​បញ្ជាក់​អំពី​សាលក្រម​ឆ្នាំ​១៩៦២ ដែល​កាត់​ឲ្យ​កម្ពុជា​ឈ្នះ​ក្ដី​ប្រទេស​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ។ កម្ពុជា​បាន​បង្ហាញ​អន្តរ​ជាតិ​ថា កម្ពុជា​មិន​មែន​ជា​អ្នក​ឈ្លាន​ពាន​ថៃ ហើយ​គ្រាន់​ជា​អ្នក​ការ​ពារ​ខ្លួន និង​ទឹក​ដី​ប៉ុណ្ណោះ។
ទាក់​ទិន​នឹង​ការ​លើក​ឡើង​របស់​ក្រុម​អ្នក​ឃ្លាំ​មើល​ខាង​វិស័យ​ការ​ទូត​របស់​ខ្មែរ ក្នុង​បញ្ហា​សង្គ្រាម​ព្រំដែន​រវាង​ខ្មែរ-ថៃ នេះ អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណ​រដ្ឋ​មន្ត្រី​លោក ផៃ ស៊ី​ផាន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​បាន​ខិត​ខំ​ប្រឹង​ប្រែង​ប្រើ​គ្រប់​យន្តការ​អន្តរ​ជាតិ​ទាំង​អស់ ដើម្បី​ការ​ពារ​អធិបតេយ្យភាព និង​ការ​បញ្ចប់​ជម្លោះ​ដោយ​សន្តិ​វិធី ៖ «វា​ប្រសើរ​ណាស់​សម្រាប់​អ្នក​និយាយ​ដូច​ជា​ការ​លេង​បាល់​ជា​មួយ​មាត់ ក៏​ប៉ុន្តែ ការ​លេង​បាល់​ជា​មួយ​ជើង​វា​មាន​ការ​លំបាក​ច្រើន​ណាស់ អា​ហ្នឹង​វា​អ៊ីចឹង។ ដូច្នេះ​បើ​សិន​ឃើញ​មាន​ការ​ឆ្គាំឆ្គង​កន្លែង​ត្រង់​ណា​ហ្នឹង សូម​ប្រាប់​ទៅ​វា​ល្អ​ជាង។ ក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​ម្នាក់ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ខ្លួន​ឯង។ ប៉ុន្តែ​អ្វី​ដែល​ជា​កិច្ច​ការ​បរទេស ដែល​កម្ពុជា​ធ្វើ​គឺ​យើង​ធ្វើ​រួម​គ្នា​ជា​រាជ​រដ្ឋាភិបាល​កម្ពុជា ហើយ​រាល់​ស្ថាប័ន​អន្តរ​ជាតិ គឺ​យើង​បាន​ធ្វើ​គ្រប់​ជ្រុង​ជ្រោយ​ទាំង​អស់។ សូម្បី​កាសែត​ក្នុង​ស្រុក​របស់​ថៃ​បាន​វាយ​តម្លៃ​ខ្ពស់​អំពី​ការ​ងារ​ទូត​របស់​កម្ពុជា សូម្បី​សហ​រដ្ឋ​អាមេរិក​ក៏​បាន​និយាយ​ថា កម្ពុជា​បាន​ធ្វើ​ការ​ងារ​ការ​ទូត​របស់​ខ្លួន​ហ្នឹង​ប្រសើរ​ជាង​ថៃ​ទៀត។ ប្រទេស​ដែល​អ្នក​ក្រៅ​ធ្លាប់​រស់​នៅ​ហ្នឹង ម្ចាស់​ប្រទេស​ហ្នឹង​គេ​បាន​និយាយ​អ៊ីចឹង ទាំង​បារាំង ទាំង​សហ​រដ្ឋ​អាមេរិក ជា​មួយ​និង​ចិន​ផង​ដែរ។»
ចំពោះ​វិស័យ​ការ​ទូត​នេះ​ផង​ដែរ ក្រុម​អ្នក​វិភាគ​និយាយ​ថា​ក្នុង​រយៈ​ពេល ២៦​ឆ្នាំ នៃ​ការ​ត្រួត​ត្រា​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​កម្ពុជា គេ​នៅ​មិន​ទាន់​ឃើញ​ប្រទេស​លោក​ខាង​លិច​ណា​មួយ​អញ្ជើញ​លោក ហ៊ុន សែន ឲ្យ​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវ​រដ្ឋ​នោះ​ឡើយ។ បញ្ហា​នេះ​គេ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​សូវ​គោរព​សិទ្ធិ​មនុស្ស ហើយ​ការ​ធ្វើ​វិនិយោគ​ទុន​ភាគ​ច្រើន​ជា​មួយ​តែ​ប្រទេស​ចិន និង​វៀតណាម៕
អត្ថបទ​ទាក់​ទង

No comments:

សារព័ត៌មានអន្តរជាតិInternational News

BBC News - US & Canada

CNN.com - RSS Channel - HP Hero

Top stories - Google News

Southeast Asia Globe

Radio Free Asia

Al Jazeera – Breaking News, World News and Video from Al Jazeera

NYT > Top Stories

AFP.com - AFP News

The Independent

The Guardian

Le Monde.fr - Actualités et Infos en France et dans le monde

Courrier international - Actualités France et Monde