តុលាការក្រុងឡាអេនឹងកោះប្រជុំបន្ទាន់ពិនិត្យសំណើរបស់កម្ពុជា
Radio Free Asia
ដោយ យន់ សាមៀន
2011-05-04
មន្ត្រីតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ បានឲ្យដឹងថា តុលាការនឹងពិនិត្យសំណើរបស់កម្ពុជា ដែលសុំឲ្យមានវិធានការបន្ទាន់មួយដើម្បីបញ្ឈប់ការវាយប្រហាររបស់ថៃ មកលើប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ។
មន្រ្តីតុលាការយុត្តិធម៌អន្តរជាតិ (International Court of Justice) កាលពីថ្ងៃអង្គារ ទី៣ ឧសភា មានប្រសាសន៍ថា តុលាការយុត្តិធម៌អន្តរជាតិនឹងធ្វើការបកស្រាយសេចក្ដីសម្រេចរបស់ខ្លួនកាលពីឆ្នាំ១៩៦២ ឲ្យបានលម្អិតតាមសំណើរបស់កម្ពុជា ក្នុងរយៈពេលយ៉ាងយូរពី ៥ ទៅ ៦ខែខាងមុខនេះ។
តុលាការក៏នឹងពិនិត្យ ហើយធ្វើសេចក្ដីសម្រេចជាបន្ទាន់មួយជុំវិញការទាមទាររបស់កម្ពុជា ស្នើឲ្យតុលាការចេញបញ្ជាបញ្ឈប់ការវាយប្រហាររបស់ថៃ មកលើប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ។
រដ្ឋមន្ត្រីក្រសួងការបរទេស លោក ហោ ណាំហុង កាលពីថ្ងៃទី២៨ មេសា បានដាក់ពាក្យស្នើសុំឲ្យតុលាការបកស្រាយសេចក្ដីសម្រេចឆ្នាំ១៩៦២ យោងតាមផែនទីអន្តរជាតិដែលបានទទួលស្គាល់ដោយភាគីកម្ពុជា និងថៃ។
ក្នុងសំណើទៅតុលាការអន្តរជាតិ កម្ពុជាបានបញ្ជាក់ថា សេចក្ដីសម្រេចតុលាការកំណត់ថា ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទព្រះវិហារ ស្ថិតក្នុងបូរណភាពទឹកដីកម្ពុជា ហើយថៃត្រូវមានតួនាទីដកកងទ័ពខ្លួន និងមន្ត្រីផ្សេងទៀតចេញពីប្រាសាទ និងតំបន់ក្បែរប្រាសាទព្រះវិហារ។ កម្ពុជាបញ្ជាក់បន្ថែមថា សេចក្ដីសម្រេចតុលាការត្រូវបានថៃ បដិសេធមិនទទួលយក។
ការស្នើសុំឲ្យមានការបកស្រាយសេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ ធ្វើឡើងក្រោយពីជម្លោះព្រំដែនកម្ពុជា និងថៃ មិនអាចបញ្ចប់បានចាប់តាំងពីឆ្នាំ២០០៨មក។ ជម្លោះព្រំដែននៅតែបន្តកើតឡើងបន្ថែមទៀត កាលពីថ្ងៃទី២២ មេសា នៅក្នុងខេត្តឧត្តរមានជ័យ រហូតដល់ថ្ងៃទី៣ ឧសភា ដែលបានបណ្ដាលឲ្យទាហានភាគីទាំងពីរស្លាប់ចំនួន ១៨នាក់ និងបង្កើតឲ្យមានជនភៀសសឹករាប់ម៉ឺននាក់។
មន្ត្រីព័ត៌មានតុលាការយុត្តិធម៌អន្តរជាតិ លោក បូរីស ហេម (Boris Heim) កាលពីថ្ងៃអង្គារ ទី៣ ឧសភា មានប្រសាសន៍តាមទូរស័ព្ទពីទីក្រុងឡាអេ ប្រទេសហុល្លង់បានប្រាប់វិទ្យុអាស៊ីសេរីថា តុលាការនឹងកោះប្រជុំបន្ទាន់មួយជាអាទិភាពដើម្បីពិនិត្យសំណើកម្ពុជា ដែលស្នើឡើងក្នុងបំណងទប់ស្កាត់ការវាយប្រហារពីថៃ មកលើតំបន់ប្រាសាទព្រះវិហារ។ តុលាការក៏នឹងបន្តធ្វើការបកស្រាយសេចក្ដីសម្រេចខ្លួនកាលពីឆ្នាំ១៩៦២ ជាលម្អិតបន្ថែមទៀត។
លោក បូរីស ហេម មានប្រសាសន៍បន្ថែមដូច្នេះ ៖ "កម្ពុជាបានស្នើសុំឲ្យមានការបកស្រាយសេចក្ដីសម្រេចឆ្នាំ១៩៦២ និងទីពីរ កម្ពុជាក៏ស្នើឲ្យមានវិធានការបន្ទាន់មួយ ដោយកម្ពុជាបានលើកឡើងថា ការប្រយុទ្ធបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២២ មេសា ដូច្នោះកម្ពុជាចង់ឲ្យតុលាការបញ្ចប់ការវាយប្រយុទ្ធគ្នា និងកុំឲ្យមានស្ថានភាពធ្ងន់ធ្ងរជាងនេះ។ ចៅក្រមតុលាការនឹងជួបជុំគ្នាជាបន្ទាន់ដែលអាចធ្វើទៅបាន ដើម្បីសម្រេចការស្នើសុំនេះជាបន្ទាន់ ហើយនៅពេលណាដែលមានសេចក្ដីសម្រេចយើងនឹងប្រកាស"។
លោក បូរីស ហេម បន្ថែមទៀតថា បើទោះបីជាថៃ បានអះអាងថា នឹងប្ដឹងជំទាស់ការស្នើសុំរបស់កម្ពុជា ប៉ុន្តែមកទល់នឹងថ្ងៃទី៣ ឧសភា តុលាការក៏នៅមិនទាន់ទទួលបានពាក្យបណ្ដឹងនៅឡើយទេ។
ឯកសារតុលាការយុត្តិធម៌អន្តរជាតិស្ដីពីកម្ពុជាបញ្ជាក់ថា កម្ពុជាបានដាក់ពាក្យបណ្តឹងមួយទៅតុលាការ ចោទប្រកាន់ថា ថៃបានកាន់កាប់តំបន់ជុំវិញប្រាសាទព្រះវិហារ ហើយក៏បានទាមទារឲ្យតុលាការប្រកាសថា ប្រាសាទព្រះវិហារស្ថិតក្នុងបូរណភាពទឹកដីខ្លួន និងឲ្យថៃ ដកទាហានខ្លួនចេញពីតំបន់ប្រាសាទព្រះវិហារ ដែលទាហានថៃ បានគ្រប់គ្រងតាំងពីឆ្នាំ១៩៥៤។ ឯកសារបន្តថា ភាគីថៃ បានជំទាស់នឹងការស្នើសុំរបស់តុលាការ ប៉ុន្តែការជំទាស់ត្រូវបានបដិសេធដោយតុលាការកាលពីឆ្នាំ១៩៦១។
ជាចុងក្រោយ កាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ តុលាការបានសម្រេចលើសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ កំណត់ថា ផែនទីរបស់គណៈកម្មការចម្រុះបញ្ជាក់ថា ប្រាសាទព្រះវិហារស្ថិតក្នុងព្រំដែនកម្ពុជា។ ថៃបានជំទាស់នឹងសេចក្ដីសម្រេច ដោយលើកឡើងថា ខ្លួនមិនបានទទួលស្គាល់ផែនទីកំណត់ដោយសន្ធិសញ្ញាបារាំង-សៀម ប៉ុន្តែតុលាការបានរកឃើញថា ថៃពិតជាបានទទួលស្គាល់ផែនទីនេះមែន ដូច្នោះតុលាការសម្រេចឲ្យប្រាសាទព្រះវិហារ ស្ថិតក្នុងទឹកដីកម្ពុជា ហើយតុលាការបានបញ្ជាឲ្យថៃ មានភារកិច្ចដកទាហាន និងប៉ូលិសខ្លួនពីតំបន់ប្រាសាទព្រះវិហារ ហើយថៃត្រូវប្រគល់វត្ថុបុរាណទាំងឡាយដែលបានយកចេញពីប្រាសាទ។
លោក បូរីស ហេម បន្ថែមថា ការសម្រេចរបស់តុលាការជាការបិទផ្លូវតវ៉ា ហើយមិនអាចសើរើបាននោះទេ។ ការបកស្រាយសេចក្ដីសម្រេចខ្លួន គ្រាន់តែជាការកញ្ជាក់លម្អិតបន្ថែមលើសាលក្រម និងតុលាការនឹងយកសាលក្រមឆ្នាំ១៩៦២ ជាមូលដ្ឋាន ៖ "សេចក្ដីសម្រេចរបស់តុលាការយុត្តិធម៌ឆ្នាំ១៩៦២ មិនមែនជាសាលក្រមនោះទេ ពីព្រោះយើងមិនមែនជាតុលាការឧក្រិដ្ឋកម្ម។ សេចក្ដីសម្រេចនេះមិនអាចប្ដឹងឧទ្ធរណ៍បានទេ។ ការបកស្រាយសាលក្រមឆ្នាំ១៩៦២ ពិតណាស់វានឹងអាចកើតមាន គឺជាការបកស្រាយលម្អិតពីវិសាលភាពសាលក្រម និងអត្ថន័យនៃសាលក្រមឆ្នាំ១៩៦២។ ការបកស្រាយនឹងមិនជំនួសលើសាលក្រមឆ្នាំ១៩៦២ នោះទេ"។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង កាលពីថ្ងៃអង្គារ ទី៣ ឧសភា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជានៅមិនទាន់ទទួលបានព័ត៌មានពីតុលាការយុត្តិធម៌ទាក់ទងនឹងការស្នើសុំរបស់កម្ពុជា នៅឡើយទេ។ ប៉ុន្តែអ្វីដែលកម្ពុជា ចង់បាននៅពេលបច្ចុប្បន្ន គឺបទឈប់បាញ់គ្នា ដើម្បីទុកឱកាសឲ្យតុលាការបកស្រាយសេចក្ដីសម្រេចឆ្នាំ១៩៦២។
លោក កុយ គួង បន្តថា ៖ «មន្ត្រីរដ្ឋាភិបាលថៃ កាលពីថ្ងៃអង្គារ បានឲ្យដឹងថា ខ្លួនមានគម្រោងនឹងចរចាជាមួយមន្ត្រីកម្ពុជា នៅក្នុងកិច្ចប្រជុំអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី នៅថ្ងៃទី៦ និង ៨ឧសភា ខាងមុខ ដើម្បីស្វែងរកបទឈប់បាញ់ និងដោះស្រាយជម្លោះព្រំដែន។ មន្ត្រីរដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានព័ត៌មានពីជំនួបនេះនៅឡើយទេ»។
ព្រឹត្តិការណ៍ចុងក្រោយពីខេត្តឧត្តរមានជ័យ ទាហានថៃ និងកម្ពុជា នៅបន្តប្រយុទ្ធគ្នា បើទោះបីជាមានបទឈប់បាញ់ពីរលើកក៏ដោយ។
ប្រភពពីមន្ត្រីយោធាកម្ពុជា និងថៃ បានឲ្យដឹងនៅថ្ងៃអង្គារ ទី៣ ឧសភា ថា យ៉ាងហោចណាស់ក៏មានទាហានថៃ ម្នាក់ស្លាប់ និងរងរបួស ៣នាក់ ចំណែកឯភាគីទាហានខ្មែររបួសម្នាក់ ក្នុងការប្រយុទ្ធគ្នានៅថ្ងៃទី៣ ឧសភានេះ៕
Nokor Khmer offers unique overview of news across Cambodia, ASEAN, and certain perspectives. The unique way of getting closer to screening news headlines across the globe.
FOX News : Health
Subscribe to:
Post Comments (Atom)
សារព័ត៌មានអន្តរជាតិInternational News
No comments:
Post a Comment